ភ្នំពេញ៖ លោកចោរដៃស្អិត២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ដេញប្រផាប់ចាប់ពភីង ឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៥ សីហា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់រួមមាន ទី១ឈ្មោះ លឹម សីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងទី២ឈ្មោះ ខុន សុខឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ សាក់ ចន្នា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក មានទូរសព្ទ័ដៃ១គ្រឿង ម៉ាក OPPO ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស គ្មានស្លាកលេខ របស់ជនសង្ស័យ ជិះធ្វើសកម្មភាព។
ប្រភពព័ត៍មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង មកជិតម៉ូតូរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ពីខោប៉ៅខាងខាងក្រោយ របស់ជនរងគ្រោះបានសម្រេច រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ បន្ទាប់មកសមត្ថកិច្ច បានធ្វើការល្បាតដល់ចំណុចកើតហេតុ ឃើញហេតុការណ៍ ក៏ធ្វើការដេញតាមជនសង្ស័យ ដល់ចំណុចផ្លូវបេតុង សង្កាត់ទួលសង្កែ ទើបឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ ជនសង្ស័យតែម្តង ៕
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕