ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមរថយន្ត និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនបុកម៉ូតូ បណ្តាលឱ្យគាបជាប់បុរសម្នាក់ខាងក្រោមរថយន្តបានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយអ្នកបើកបរ រថយន្ត រត់បាត់ ស្រមោល។
ហេតុការណ៍នេះកេីតឡីង នៅវេលាម៉ោង ១១និង២៥នាទីថ្ងៃត្រង់ទី១៣ខែសីហា ឆ្នាំ ២០១៩ នៅចំណុចតាមបណ្តោយផ្លូវបេតុង ក្នុងបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីសាច់ញ្ញាតិសពជនរងគ្រោះបានអោយដឹងថា សពឈ្មោះ រស់ប៊ន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរកម្មករសំណង់ ក្នុងបុរីហាយលែន ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខ ស្វាយរៀង1I- 6881 រួមដំណើរជាមួយក្មួយប្រុស២នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្តបង្ករម៉ាក ដេរវ៉ូ ពណ៌ស គ្មានស្លាកលេខ ជាប្រភេទយីឌុបដឹកខ្សាច់ បើកបរ ដោយបុរសម្នាក់បានរត់គេចខ្លួនបាត់ ។
បេីតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះជិះគ្នា៣នាក់ ហើយធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរីហាយលែន ក្នុងទិសដៅពីលិចទៅកេីតគោលបំណង ទៅហូបបាយថ្ងៃត្រង់លុះមកដល់កន្លែងកើតហេតុមាន រថយន្តបង្ករខាងលើ បើកបរពីជេីងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលមកបុកម៉ូតូទាំងកំរោលហើយ កិនម៉ូតូនិងជនរងគ្រោះគាបជាប់ក្រោមរថយន្ត បណ្តាលឲ្យស្លាប់ក្រោមរថយន្តនិងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានចុះទៅវាស់វែងនៅកន្លែងកើតហេតុនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាល រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ ៕