បន្ទាយមានជ័យ ៖កាលពីថ្ងៃទី ១៤ សីហា ២០១៩ សំភារៈនិង ថវិការមួយចំនួនត្រូវបាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យយកមកផ្ដល់ជូនគ្រួសារសពដែលបានលង់ទឹកស្លាប់កុមារ២រូប កាលពីម្សិលមិញ។
ក្នុងពេលចូលបច្ច័យបុណ្យសពកុមារទាំង២រូបមានវត្តមាន ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោក ហ៊ីល រ៉ាយា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារសង្កាត់អូអំបិលជាច្រើនរូបចូលរួម។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចូលរួមសោកស្ដាយចំពោះការបាត់បង់កុមារទាំងពីររូប និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះកូនៗដែលនៅតូច មិនត្រូវបណ្ដោយអោយទៅលេងឃ្លាតពីការមើលថែរបស់មនុស្សចាស់ឡើយ ។
បញ្ជាក់ថា មានករណីក្មេងប្រុសស្រី ២បានលង់ទឹកស្រះស្លាប់នៅក្រោយផ្ទះគ្មានអ្នកណាដឹង ខណៈឪពុកម្តាយកំពុងជាប់រវល់ពិធីឡើងគេហដ្ឋានថ្មី។
ហេតុការណ៍បង្កការភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោង២និង៣០ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ក្មេងប្រុសស្រីរងគ្រោះមាន២នាក់ ៖ ១-ឈ្មោះ ជា ដាវរីភេទស្រី អាយុ ៥ឆ្នាំ មានឪពុកឈ្មោះ វណ្ណ សុជាតិ និងម្ដាយឈ្មោះ ដុក ធីតា មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ជាម្ចាស់ផ្ទះដែលកំពុងឡើងថ្មី ។
២-ឈ្មោះត្រាំ សាន់ ភេទប្រុស អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ហេង ត្រាំនិងម្ដាយឈ្មោះ ង៉ាន់ លី មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងជា បងប្អូនដែលមកចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី៕ដោយ៖ឃិន គន្ធា