ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយជ្រំ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ជាច្រើនរូប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ចុះជួយស្រូវផលិតពូជលក់ របស់សហគមន៍កសិកម្មអង្គសាលា ស្ថិតនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសហគមន៍នេះទូទាំងខេត្ត មាន៣៦សហគមន៍ កំពុងស្ទូងផលិតពូជលក់ លើផ្ទៃដី១០០ហិចតា។
គោលបំណង នៃការចុះជួយស្ទួងស្រូវស្ទូង របស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញប្រាប់ថា រដូវបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៩ ចាប់ផ្ដើមហើយ និងជំរុញឱ្យបងប្អូនប្រជាកសិករ នៅទូទាំងខេត្តរួសរាន់សាបព្រោះដកស្ទូង ស្រូវឱ្យបានទាន់ពេលវេលា ជាពិសេសដើម្បីជួយកាត់បន្ថយនូវការលំបាក និងការចំណាយផ្សេងៗរបស់ប្រជាកសិករ។
ភ្ជាប់ជាមួយនឹងការចុះជួយស្ទូងស្រូវ ជូនប្រជាពលរដ្ឋនេះដែរ លោកអភិបាលខេត្ត បានបើកម៉ាស្ទូងស្រូវដែលជាផលិតផល របស់ប្រទេសជប៉ុន និងបានចែកពូជដំណាំរួមផ្សំដែលងាយដាំដុះ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ ក្នុងរយៈពេលខ្លីជូនដល់ប្រជាសហគមន៍ នាពេលនោះផងដែរ៕