កំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្លូវ១ខ្សែនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលអាជ្ញាធរយើងបានធ្វេីសំណេីរទៅរាជរដ្ឋាភិបាល តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ហេីយផ្លូវ១ខ្សែនេះនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់បម្រើផលប្រយោជន៍រួម ទន្ទឹមគ្នានេះនៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ សូមឲ្យមានការចូលរួមថែរក្សាឲ្យបានគង់វង្សផង ព្រោះវាជាទ្រព្យសម្បត្តិរួម ដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ក៏អាចប្រើប្រាស់បានដូចគ្នា។
ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែង១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិតាអុង ឆ្ពោះទៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត នាយករង ខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវកំពុងបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ សូមមានការយោគយល់និងអធ្យាស្រ័យ ចូលរួមសហការជាមួយក្រុមការងារ បើមានការប៉ះពាល់ដល់ការសាងសង់ផ្លូវ ដោយការស្ទះចរាចរណ៍ ក៏ដូចជាការត្រួសត្រាយកាប់ដើមឈើ ឬប៉ះទៅលើរបងផ្ទះរបស់បងប្អូនជាដើម។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ដ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាពដែលមានស្រាប់ និងមិនត្រូវជឿឧបាយកលណាមួយដែលនាំមកនូវអថិរភាពដល់សន្តិសុខសង្គម ហើយបងប្អូនត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោរពច្បាប់ចរាចរទាំងអស់គ្នាផងដែរ ៕