ស្វាយរៀង៖នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលបប្រជុំអាគារនន្ទីរ សាលាខេត្តស្វាយរៀង មានរៀបចំពិធីប្រកាសទទួលស្គាល់ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាពឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាពនានា នៃការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងខេត្ត ដោយផ្អែកតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្ដិទី៤នេះ គឺបានអនុវត្ដគោលនយោបាយឈ្នះ-ឈ្នះបន្ដទៅមុខគ្រប់វិស័យ ក្នុងនោះវិស័យពាណិជ្ជកម្មគឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្ដទុកដាក់ជាសំខាន់ផងដែរ។ ទន្ទឹមនេះ សភាពាណិជ្ជកម្មខេត្តស្វាយរៀងបង្កើតឡើងតាំងពីឆ្នាំ២០០៤ មកម្លេះ ស្របតាមអនុក្រឹតរបស់រាជរដ្ឋាភិបាល ប៉ុន្តែតាមរយះរបាយការណ៍លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តយើងទើបតែរៀបចំនូវរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវច្បាស់លាស់នៅឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០១៩ ដំណើរការបានរយះពេល៣ឆ្នាំ ដែលជាការកំណត់អាណតិ្តជ្រើសរើសសមាជិកថ្មីចំនួនពាក់កណ្តាលនៃលើកទី២នេះ។
ឯកឧត្តមបន្តថា ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការកោតសសើចំពោះមន្ទីរពាណិជ្ជកម្មខេត្ត ដែលបាន ខិតខំសហការរៀបចំបង្កើតសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសូមថ្លែងនូវការអរគុណយ៉ាង ជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួល និងគាំទ្រចាប់ពីដំណើរការបោះឆ្នោតជ្រើសរើស និងរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់សភាពាណិជ្ជកម្ម នៅលើកទី១ និងនៅលើកទី២នេះ រហូតត្រូវបានរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ និងប្រកាស ជាផ្លូវការនៅថ្ងៃនេះដែលមានលោក សុខ រ៉ាដូ ជាប្រធានសភាពាណិជ្ជកម្មខេត្តថ្មី។
ឯកឧត្តម វេង សុធី បានថ្លែងថា សភាពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាយើងកើតឡើងដោយការបោះឆ្នោតជ្រើសតាំង មិនមែនកើតឡើងដោយការតែងតាំងនោះទេ ចំណុចនេះហើយដែលធ្វើឱ្យក្រុមអាជីវករទាំងអស់មានការពេញចិត្ដ និងសប្បាយចិត្ដ ដោយសារតែលទ្ធផលដែលចេញមក គឺដោយភាពត្រឹមត្រូវនិងយុត្ដិធម៌បំផុត ហើយតាមរយៈសភាពាណិជ្ជកម្មនេះបានផ្ដល់នូវសារប្រយោជន៍ជាច្រើនដូចជា មានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏សូមផ្ដាំផ្ញើដល់សភាពាណិជ្ជកម្មនៅខេត្ដស្វាយរៀង ត្រូវធ្វើយ៉ាងណាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ហើយដំណើរការទៅមុខឱ្យបានជោគជ័យ និងរលូនជានិច្ច។
ជាចុងបញ្ចប់ ឯកឧត្តម វេង សុធី ក៏បានលើកអំពីសភាពការថ្មីៗនាពេលបច្ចុប្បន្ន ដូចជាបញ្ហាវីរុស Covid-19 បញ្ហាសេដ្ឋកិច្ច លើសកលលោក និងនៅប្រទេសកម្ពុជាយើងផងដែរ៕