កំពង់ធំ៖ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសដឹកជញ្ជូន និងច្រៀកឈើខុសច្បាប់មួយកន្លែងស្ថិតនៅ តំបន់ភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ ឃុន ប៊ុនហូរ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ លើទីតាំងប្រាំមួយកន្លែង និងដកហូត ឈើមូល និងឈើច្រៀកជាច្រើនម៉ែតគូប។
ក្នុងប្រិបត្តិការចុះបង្រ្កាបទីតាំងច្រៀកឈើនៅចំណុចភូមិកំពង់ស្តេច, លោកវរសេនីយ៍ទោ ឃុន ប៊ុនហូរ លើកឡើងថា សកម្មភាពចុះបង្រ្កាបទីតាំងខាងលើនេះ អូសបន្លាយរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ដោយមានការសហការពីសង្កាត់រដ្ឋបាល ព្រៃឈើតាំងក្រសាំងផងដែរ។
ចំពោះការអូសបន្លាយការដឹកជញ្ជូនឈើរហូតដល់ពីរថ្ងៃ ព្រោះទីតាំង ជ្រៀកឈើមានរហូតដល់៤កន្លែងស្ថិតនៅឆ្ងាយពីគ្នា ហើយស្ថានភាពផ្លូវពិបាកចូលដឹក ម្យ៉ាងទៀតការលាក់ទុកឈើមូលស្ថិតក្នុងបឹង និងស្ទឹងជីនិតត្រូវការកម្លាំងចុះរាវអូសតាមរយៈកាណូតមកកាន់ លើគោកទើបស្ទួចឡើង។
លោកបន្តថា ប្រតិបត្តិការណ៍នេះធ្វើឡើងក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថា “សកម្មភាពដឹក និងច្រៀកឈើអាណាធិបតេយ្យក្នុងភូមិ និងតាមព្រៃ ក្បែរភូមិ យ៉ាងអាណាធិបតេយ្យបំផ្លាញព្រៃឈើ ដែលមានប្រភពមកពីព្រៃអង្គតែន” ក្រោមដែនគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តកំពង់ធំជាសេនាធិការ”។
លោកវរសេនីយ៍ទោ បញ្ជាក់បន្ថែមថា សកម្មភាពច្រៀកឈើខុសច្បាប់នៅក្នុងភូមិសាស្រ្តនេះត្រូវ បានជនសង្ស័យដាក់បណ្តាញនៅតាមផ្លូវជាច្រើនកន្លែង ដែលធ្វើឲ្យការបង្ក្រាបមិនបានអឹបអូសយក ម៉ាស៊ីនបានទាំងស្រុងនោះទេ ព្រោះមុនមកដល់ជនល្មើសបានដឹងមុន និងដោះម៉ាស៊ីនចេញស្ទើរតែ អស់ទៅហើយ សល់តែគំនរឈើជាច្រើនដុំ និងសន្លឹក មិនអាចវាស់វែងបានពិតប្រាកដរង់ចាំ ប្រមូលអស់ពីក្នុងបឹង និងស្ទឹងជាមុនសិន៕