ខេត្តស្ទឹងត្រែង៖ជនសង្ស័យម្នាក់បានធ្វើ សកម្មភាពជិះម៉ូតូដើរហែកស្លាកគណបក្ស
នៅឃុំថ្មកែវ អស់ចំនួន៤ផ្ទាំង និងនៅឃុំ សេកុងចំនួន២ផ្ទាំង ។
ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនៃអធិការ
ដ្ឋាន សហការជាមួយប៉ុស្តិ៍រដ្ឋបាលទាំង២ឃុំ បានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន នៅរសៀលថ្ងៃទី៣១ឧសភា រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ
បានម្នាក់ ។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងបានឲ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធ និងការហែកស្លាកគណបក្សនោះមានឈ្មោះរស់ ចាន់ពិសិទ្ធិ ភេទប្រុសអាយុ៣០ឆ្នាំ ជិះម៉ូតូម៉ាកវេវអាល់ហ្វាពណ៌ក្រហមលាយខ្មៅ ស្លៀកខោខូវប៊យពណ៌ខៀវ ពាក់អាវយឺតពណ៌ស ។ ពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យកំពុងធ្វើសកម្មភាពដុតបំផ្លាញសម្ភារ:ផ្សេងទៀត ។
សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើនេះមានទីលំនៅមិនពិតប្រាកដ ក្រោយឃាត់ខ្លួន
កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់(WY)ពណ៌ទឹកក្រូចចំនួន២៩គ្រាប់នៅជាប់
នឹងហោប៉ៅខោរបស់ជនសង្ស័យ ។
សមត្ថកិច្ចជំនាញមូលដ្ឋានក៏បានរៀបចំសំណុំឯកសារ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តទៅកាន់តុលាការចាត់ទៅតាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន ហើយក៏ធ្លាប់បានជាប់ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុនផងដែរ ៕