ព្រៃវែង ៖ ដីជាង៥ពាន់ម៉ែត្រការ៉េ ជាដីរួមភូមិ ល្ពាច ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង មានចេតិយ ខ្ទមអ្នកតា ហើយក៏ជាកន្លែងសម្រាប់ប្រារព្វពិធីសាសនា តាមជំនឿរបស់អ្នកភូមិផងដែរ ស្រាប់តែស្ងាត់ៗត្រូវបាន អ្នកគ្រប់គ្រងមើលថែរបែរជាលួច ឃុបឃិតគ្នា ធ្វើប្លង់ដាក់ឈ្មោះខ្លួនឯងទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើមេដឹកនាំមើលថែរគ្រប់គ្រងដីរួម របស់ពួកគាត់ រហូតហៅមេឃុំមកជួយដោះស្រាយកាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
តាមប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដីរួមភូមិទំហំជាង៥ពាន់ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិរបស់ពួកគាត់ យូរលង់ណាស់មកហើយ ជាកន្លែងសម្រាប់អ្នកភូមិប្រារព្ធពិធីបុណ្យសាសនា ពិធីផ្សេងៗ ស្រាប់តែមកដល់ពេលថ្មីៗនេះ ដីចំណុចខាងលើ ត្រូវបាន ឈ្មោះ បី សៀក អាយុ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ ឡុក សារឿន អាយុ៦០ឆ្នាំ ជាអ្នកមើលថែ ធ្វើរបងព័ទ្ធដី ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាជនមួយភូមិ ដូចជាស្រស់ៗស្តែងពេក ទើបផ្ទុះការតវ៉ា។
តាមលោកមេឃុំ ឈ្មោះ ណុប ចឹក បានឲ្យដឹងថា លោកក៏មិនបានដឹងដែរថាគេលួចធ្វើប័ណ្ណកម្មសិទ្ធតាំងពីអំឡុងឆ្នាំ២០០៥មកម្ល៉េះ លុះនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ប្រជាជនក្នុងភូមិផ្ទុះការតវ៉ា ដោយមានលោកមេឃុំ មេភូមិ និងពលរដ្ឋក្នុងភូមិ ទើបបែកធ្លាយមានប័ណ្ណកម្មសិទ្ធទៅវិញ ខណៈលោកជាមេឃុំក៏មិនបានស៊ីញ៉េដឹងលឺ ឯប្រជាពលរដ្ឋដែលមានដីផ្ទាល់ខ្លួនជាប់ព្រំក៏មិនដឹង ពួកគាត់នាំគ្នាងឿងឆ្ងល់ថា មេភូមិ មេឃុំ ប្រជាពលរដ្ឋមិនបានដឹង និងផ្ដិតមេដៃឲ្យ ផងស្រាប់តែលេចចេញប័ណ្ណកម្មសិទ្ធចេញតាំងពីឆ្នាំ២០០៥មកម្ល៉េះ តើចេញបានដោយរបៀបណា។
ក្រោយការជុំ ពិភាក្សារួចមក លោកមេឃុំបានត្រឹមតែឲ្យប្រជាពលរដ្ឋបន្តដាក់ពាក្យបណ្ដឹងទៅសាលាខេត្តព្រៃវែង ព្រោះប័ណ្ណកម្មសិទ្ធចេញដោយមន្ទីសុរិយោដីខេត្ត លោកត្រឹមមេឃុំអត់លទ្ធភាព ដោះស្រាយទេ។
ប្រជាពលរដ្ឋទទូចស្នើសុំដល់លោកអភិបាលខេត្តព្រៃវែង មេត្តាជួយពិនិត្យ រឿងដីរួមភូមិ ខាងលើ ដែលជាសម្បត្តិរបស់រដ្ឋ ជាដីរួមកប់ខ្មោច របស់ពលរដ្ឋ បែរជាមានអ្នកឃុបឃិតគ្នា លួចលេបយកតែម្នាក់ឯងទៅវិញ។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ពលរដ្ឋខាងលើ អង្គភាពយើងមិនអាចសុំការបកស្រាយពីភាគីពាក់ព័ន្ធដែលជាអ្នកគ្រប់ដីរួមបានទេ៕