ខេត្តស្វាយរៀង៖នារសៀលថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារជំនាញបរិស្ថានជាមួយក្រសួងបរិស្ថាន រដ្ឋបាលក្រុងបាវិត តំណាងតំបន់សេដ្ឋកិច្ចពិសេសពាក់ព័ន្ធនៅក្រុងបាវិត និងអង្គភាពមន្ទីរ ពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក ប្រតិភូក្រសួងបរិស្ថាន លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ពាក់ព័ន្ធ លោកអភិបាលក្រុងបាវិត លោកឧត្ដមសេនីយ៍ត្រីស្នងការរងស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានច្រកទ្វារអន្តរជាតិបាវិត លោកនាយរងប៉ុស្ដិ៍អន្តោប្រវេសន៍បាវិត លោកនាយកទីចាត់ការអន្តរវិស័យ មន្រ្តីសាលាខេត្ត មន្រ្តីមន្ទីរបរិស្ថានខេត្ត តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្ដមអភិបាលរងខេត្ត បានសំណូមពរដល់កិច្ចប្រជុំមាន
១-ស្នើសុំក្រុមការងារក្រសួងបរិស្ថានចុះពិនិត្យទីតាំងដែលបញ្ចេញកាកសំណល់ទឹកកង្វក់ សំណល់រាវ ចេញពីទីតាំងរោងចក្រ
២-សូមក្រុមការងារក្រសួងបរិស្ថាន ជួយរៀបចំបច្ចេកទេសគ្រប់គ្រង សំណល់ទឹកកង្វក់ និងសំណល់រាវនៅក្រុងបាវិត
៣-សូមឲ្យក្រសួងជួយរៀបចំប្រព័ន្ធគ្រប់គ្រងការបញ្ចេញកាកសំណល់រឹង រឺសំណល់គ្រោះថ្នាក់នៅតាមរោងចក្រ
៤-ស្នើសុំក្រុមការងារក្រសួងជួយជម្រុញដល់សហគ្រាស រោងចក្រ ស្នើសុំលិខិតអនុញ្ញាតិបញ្ចេញសំណល់រឹង រាវ អោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
៥-ស្នើសុំការផ្ដល់ការគាំទ្រពីក្រសួងក្នុងការគ្រប់គ្រង ការដឹកជញ្ជូន សំណល់រឹងឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសម្ភារ ដល់ក្រុងបាវិត និងស្រុករមាសហែក ក្នុងការគ្រប់គ្រងដោយផ្ទាល់៕