ភ្នំពេញ៖នៅថ្ងៃចន្ទ ២កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ៧និង៣០ នាទីព្រឹក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ បាញ់លាង សំអាតផ្លូវ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់។
ដោយមានការចូលរួមសហការពីមន្ទីរសាធារណៈការ រាជធានីភ្នំពេញ មាន រថយន្ត បាញ់ទឹក ចំនួន ៣ គ្រឿង , រឡូ ឈួសថ្នល់ ១ គ្រឿង , អាប៊ុល ឈួសថ្នល់ ១ គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ០៣ គ្រឿង ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យរថយន្តដឹកដីដែលកំពង់ចរាចរលើកំណាត់ផ្លូវ ៦០ម៉ែត្រ ( វិថី សម្តេចតេជោ)ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោកអោយបានត្រឹមត្រូវពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងកង់រថយន្តអោយបានស្អាត ត្រូវគ្របតង់អោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានការហូរទឹកប្រឡាក់ផ្លូវដែលធ្វើអោយ ខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ អាចកើតជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ៕