ខេត្តសៀមរាប ៖ កាលពីថ្ងៃសុក្រ ០៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី ផ្សព្វផ្សាយតួនាទីភារកិច្ច និងសិទ្ឋិរបស់កម្លាំងប្រជាការពារតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០១៨ ស ណ ន ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។
ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី តូច សាកល ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានការចូលរួមពីការិយាល័យបុគ្គលិក ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោកអធិការរង លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ តំណាងក្រុមប្រឹក្សាសង្កាត់ លោកមេភូមិទាំង១២ កម្លាំងប្រជាការពារក្នុងសង្កាត់ស្វាយដង្គុំចំនួន៧៣នាក់ ។
ក្នុងនោះលោកឧត្ដមសេនីយ៍តូច សាកល បានសាកសួរសុខទុក្ខប្រជាការពារ និងណែនាំអំពីការប្រើប្រាស់ឯកសណ្ឋានផ្លាកសញ្ញា ប្រជាការពារ កុំឱ្យមានការភ័ន្តច្រឡំនឹងឯកសណ្ឋាននគរបាលជាតិ និងសូមអោយបងប្អូនចូលរួមលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ ក្នុងមូលដ្ឋានអោយបានល្អនិងអស់លទ្ឋភាពដោយឆន្ទះ។
ធ្វើនៅក្នុងបរិវេណវត្តកេសរារាម ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕