កំពង់ចាម៖លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា រួមដំណើរជាមួយ លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់វត្តចំនួន ២ គឺ វត្តគង់វង្សរង្ស៊ី “ហៅវត្ត កោះកុក” និងវត្តសន្សំកុសល្យកោះប្រាក់ ស្ថិតក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
នាឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងសហការី បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ វេរប្រគេន ដល់វត្តទាំង ២ ដែលរួមមាន ៖ ផ្កាស្រស់ ៤កន្ត្រក់ សាដក់ ៨ អង្ករ ៨បេ ទៀន ២គូ ទឹកសុទ្ធ ២កេស ទឹកក្រូច ៨កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ ១៥យួរ មី ១០កេស ត្រីខ ១២យួរ បច្ច័យកសាងវត្ត ចំនួន ៣.០០០.០០០រៀល និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ១.៦៤០.០០០រៀល ។
ជាមួយនោះ ក៏បានឧបត្ថម្ភ ដល់ប្រជាការពារ ១០០.០០០រៀល ជូនលោកតា លោកយាយ ៨០នាក់ ម្នាក់ទទួលបាន ២០.០០០រៀលផងដែរ ។
សូមរំលឹកថា ក្នុងពិធីបុណ្យចូលព្រះវស្សា គេសង្កេតឃើញបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលគោរព ប្រតិបត្តិ ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យចូលព្រះវស្សា ដោយការដង្ហែ ទៀនវស្សា និងយក ទេយ្យវត្ថុផ្សេងៗ ទៅ ប្រគេនព្រះសង្ឃ នៅវត្តអារាមនានា ដើម្បី ប្រាថ្នាយកកុសលផលបុណ្យ សម្រាប់ជាតិ នេះផង និងសម្រាប់ជាតិមុខ ឬអនាគតជាតិផង ។
ក្នុងវិស័យ ព្រះពុទ្ធសាសនា បានកំណត់ថា ពិធីចូល ព្រះវស្សា បានចាប់ផ្តើមពីថ្ងៃ ១រោចខែ អាសាឍដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលមាន រយ:ពេល ៣ខែ ។
ការធ្វើបុណ្យប្រគេនទៀន ព្រះវស្សានេះ គឺសំដៅលើការបំពេញកិច្ចឧបត្តម្ភ ចំពោះ ព្រះសង្ឃដែលបានគង់ចាំព្រះវស្សា អាស្រ័យ ដោយរដូវនេះ ជារដូវភ្លៀងធ្លាក់យ៉ាងជោគជាំ ធ្វើឲ្យភិក្ខុក្នុងពុទ្ធមណ្ឌល ទីវត្តអារាម មានការលំបាកក្នុងការនិមន្តចុះឡើង ហេតុនេះ ទើបព្រះពុទ្ធទ្រង់បញ្ញត្តិ ឲ្យភិក្ខុ ចូលព្រះវស្សា ចាប់តាំងពីពេលនោះ រៀងមកដល់សព្វថ្ងៃនេះ ៕