ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែក្រើនរំលឹកដល់កងកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រំដែន ត្រូវយកចិត្តទុកដាក់ល្បាត ត្រួតពិនិត្យ ក្នុងការងារបង្ការ ទប់ស្កាត់នូវរាល់បទល្មើស ។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៤ល្ងាច កម្លាំងប៉ុស្តិ៍ផ្សារកណ្ដាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតទៅដល់ចំណុចមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ជានិច្ចកាលលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត តែងតែដាក់ចេញនូវបទបញ្ជាក្នុងការស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យដូចជាភ្លៀងរលឹម ។
ជាលទ្ធផលកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល បានល្បាតត្រួតពិនិត្យរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានជួបជនសង្ស័យម្នាក់ដែលឈរនៅមុខខ្ទមដីអណ្ដូង១ ដោយមានការសង្ស័យក៏សុំធ្វើការត្រួតពិនិត្យ ពេលនោះបានឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា០១ថង់កណ្ដាល ចំនួន ០៥លេខ និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ដាក់ក្នុងហោប៉ៅខោខាងមុខ ។ ហើយក៏បាននាំខ្លួនមកប៉ុស្តិ៍រដ្ឋ បាល ដើម្បីធ្វើការសាកសួរ។
លោកអធិការនគរបាលក្រុង ក៏បានបញ្ជាក់ថា៖ជនសង្ស័យមានឈ្មោះ ជា សាវឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើតភូមិដើមពោធិ៍ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបាត់ដំបង ។ទីលំនៅស្នាក់នៅបច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមទៀតថា ៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានចម្លើយបានសារភាពថាខ្លួនបានយកថ្នាំមករំលែកដើម្បីទុកចែកចាយបន្ត ។
ដោយផ្អែកតាមចម្លើយសារភាព និងឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង ជនសង្ស័យឈ្មោះ ជា សាវឿន និងវត្ថុតាងកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់បន្ត ៕