កំពង់ចាម៖ អតីតព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជំនួសលោក ច្រឹង ខ្មៅ ដែលត្រូវផ្ទេរទៅកាន់ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលាដំបូងខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្ដម កេីត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំកងកម្លាំង មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត ។
បន្ទាប់ពីពិធីប្រគល់ត្រា និងការប្ដេជ្ញាចិត្តរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងការកោតសរសើរចំពោះលោក ច្រឹង ខ្មៅ ដែលត្រូវដូរទៅកាន់តំណែងថ្មី ដោយកន្លងមកបេីទោះបីជាមានរយៈពេលខ្លីក៏ពិតមែន តែលោកបានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត ក៏បានទទួលស្វាគមន៍ចំពោះ លោក វង្ស ប៊ុនវិសុទ្ធ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសង្ឃឹមថាលោកព្រះរាជអាជ្ញាថ្មីនឹងចូលរួមសហការយ៉ាងល្អជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្ដល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម ។
ជាមួយគ្នានោះ ឯកឧត្តម កេីក រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការណែនាំដល់ មន្ត្រីនៃក្រសួងយុត្តិធម៌ ជាពិសេសលោក វង្ស ប៊ុនវិសុទ្ធ ដែលទើបតែទទួលការតែងតាំងថ្មី ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ត្រូវខិតខំធ្វើការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យច្បាប់ និងយុតិ្តធម៌ឲ្យកាន់តែមានភាពល្អប្រសើរទ្បើង និងសំដៅធ្វើឲ្យកាន់តែទទួលបាននូវជំនឿទុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋលើវិស័យយុតិ្តធម៌ ។
ជាពិសេសត្រូវរួមសហការគ្នា ដេីម្បីធ្វើការដោះស្រាយបញ្ហាសំណុំរឿងកកស្ទះ តាមគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ៕