ស្វាយរៀង៖ព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដាឆ្នាំ ២០២០ លោកស្រី សំ ថាវី អភិបាលរងស្រុក តំណាងលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានអញ្ជើតដំណើរ លោកជំទាវ ឯក សុវណ្ណភារៈ អអភិបាលរងខេត្តស្វាយរៀងចូលរួមក្នុងកិច្ចប្រជុំពង្រឹងវិធានការស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាម និងពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង ដោយមានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត លោកស្រីអភិបាលរងស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក៦០៩ លោកប្រធានទីស្នាក់ច្រកទ្វារព្រំដែនសំរោង លោកអធិការរងនគរបាលស្រុក និងលោកប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកទ្វារទ្វេភាគីសំរោង ។
លោកជំទាវអភិបាលរងខេត្ត បានលើកឡើកថា បញ្ហានេះជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភ ដោយប្រទេសរបស់យើងស្ថិតក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីត១៩ ច្រកព្រំដែនត្រូវផ្អាកការការចេញចូលហើយ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋបន្តការឆ្លងដែនដោយខុសច្បាប់ចាកចេញទៅប្រទេសជិតខាង ។
ហើយទន្ទឹមនេះ នាពេលកន្លងមកក៏មានពលករមួយចំនួនវិលត្រឡប់មកស្រុកកំណើតវិញ ដែលយើងសង្កេតឃើញថា ពួកគាត់វិលត្រលប់មកវិញជារាងរាល់ថ្ងៃ ដូចនេះយើងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ពួកគាត់បានយល់ដឹងពីវិធានការសំខាន់ៗមានជាអាទិ៍៖
-បន្តការការពារខ្លួន និងសហគមន៍ពីការឆ្លង និងចម្លងមេរោគកូវីដ ១៩
-អប់រំផ្លាស់ប្តូរផ្នត់គំនិត “បំណាច់ធ្វើការឲ្យគេ ត្រូវធ្វើឲ្យគេទទួលស្គាល់តម្លៃរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ”
-លើកទឹកចិត្ត និងផ្តល់ការគាំទ្រ ដល់ការខិតខំផលិត ការប្រើប្រាស់ផលិតផលក្នុងស្រុកនិងប្រើប្រាស់សក្តានុពលដែលមានដើម្បីបង្កើតមុខរបរក្នុងស្រុក ជាជាងការផ្សងព្រេង ដោយគ្មានគោលដៅច្បាស់លាស់នៅក្រៅប្រទេសដែលប្រកបដោយគ្រោះថ្នាក់ខាតពេលវេលានិងមិនមានផលប្រយោជន៍។
លោកជំទាវក៏បានជំរុញឲ្យកងម្លាំងមានសមត្ថកិច្ច នៅតាមតំបន់ព្រំដែន ៖
-ត្រូវស្រាវជ្រាវ កំណត់មុខសញ្ញា បង្ក្រាប និងការចាប់ខ្លួនមេខ្យល់ដែលមានចលនាអូសទាញប្រជាពលរដ្ឋឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសជិតខាង
-គួរមានវិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងពលករឆ្លងដែន ព្រឹក ល្ងាច តាមរដូវកាល ទៅប្រទេសវៀតណាម ។
-ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តនូវវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ៕