កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យប្រជាពលរដ្ឋស្រឡាញ់ និងដាំដើមឈើឲ្យបានច្រើន ដើម្បី លើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្ដម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ដឹកនាំដាំដើមឈើ ប្រភេទក្ងោក ប្រមាណជា ៥០០ដើម នៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលរៀបចំដោយរដ្ឋបាល ខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថាន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នេះ ។
ឯកឧត្ដម អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រមណីយដ្ឋានប្រាសាទនគរបាជ័យ ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ នៅក្បែរទីក្រុងកំពង់ចាម ហើយត្រូវបានធ្វើអភិវឌ្ឍ ជាបន្តបន្ទាប់ ជាពិសេស ការកែប្រែនូវសោភ័ណ្ឌភាព ឲ្យស្រស់បំព្រង ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ។
យ៉ាងណាម៉ិញ យើងបានកសាងផ្លូវបេតុង ១ខ្សែ មានប្រវែងជិត ២ពាន់ម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ ហើយពេលនេះ យើងទាំងអស់គ្នា បានរួមគ្នា ដើម្បី ដាំដើមក្ងោក អមសងខាងផ្លូវនេះ ដែលជាផ្នែកមួយ ក្នុងការលើកកម្ពស់នូវសោភ័ណ្ឌភាពផង និងការទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត ក្នុងតំបន់នេះ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា បញ្ជាក់ដែរថា ដើមក្ងោក ដែលយើងដាំនេះ ជាប្រភេទឈើលំអរ ដែលមានផ្កាពណ៌លឿង ហើយបាននាំចូលពីបរទេស តាមរយៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
ក្រៅពីនោះ យើងក៏បានដាំនូវប្រភេទឈើប្រណីតផ្សេងៗទៀត នៅក្នុងបរិវេណប្រាសាទនគរបាជ័យ ផងដែរ ដើម្បី កែប្រែតំបន់នេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និងប្រវត្តិសាស្រ្ត ផងដែរ ។
ទន្ទឹមនឹងនោះដែរ យើងទាំងអស់គ្នា ក៏រំពឹងដែរថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ នឹងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត យ៉ាងច្រើនកុះករ ជាមិនខានឡើយ បន្ទាប់ពីយើងធ្វើការអភិវឌ្ឍ នេះទៅ ។
មួយផ្នែកទៀត ការដាំដាំដើមឈើឲ្យបានច្រើននោះ ក៏ជាផ្នែកមួយ ក្នុងការចូលរួមជាមួយនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សនូវធនធានធម្មជាតិ ទៅលើការបម្រែបម្រួលអាកាសធាតុ ផងដែរ ។
ដូច្នេះ យើងត្រូវរួមគ្នា ដាំដើមឈើគ្រប់ប្រភេទ ឲ្យបានច្រើន ដើម្បី បង្កើតនូវគម្របបៃតង ។
ស្ថិតក្នុងនោះដែរ ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើ ទៅដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន សូមជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បី ទុកជាប្រយោជន៍ សម្រាប់យើងទាំងអស់គ្នា ជាពិសេស សមិទ្ធផលនាពេលនេះ គឺបានរួមចំណែកលើកកម្ពស់ ដល់វិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ចាម ពោលគឺ «អេកូទេសចរណ៍ ផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ធម្មជាតិ» ដែលជាគោលដៅសក្ដានុពល សម្រាប់ភ្ញៀវមកទស្សនា លើទឹកដីខេត្តកំពង់ចាម ម្ដងហើយ ម្ដងទៀត ៕