ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ បានចុះពិនិត្យទីតាំងខារ៉ាអូខេ ” ដាយមិនស្តារ ” ដែលសុំប្រែក្លាយជាភោជនីយដ្ឋាន ដែលមានទីតាំង ស្ថិតនៅផ្លូវ៣០ ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ។
ក្រោយពីបានពិនិត្យទីតាំងភោជនីយដ្ឋាននេះ លោក ឌី រ័ត្នខេមរុណ បានណែនាំឱ្យម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសេចក្ដីជូនដំណឹង លេខ ០៦៥/២០ សជណ.ច្រ របស់សាលារាជធានីភ្នំពេញស្តីពីការអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅក្នុងរាជធានីភ្នំពេញបើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ។
ក្នុងនោះត្រូវអនុវត្តដូចខាងក្រោម ៖ ស្នើសុំលិខិតអនុញ្ញាត អាជីវកម្ម តាមយន្តការច្រកចេញ – ចូល តែមួយរាជធានីភ្នំពេញ ។ គោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ -១៩ និង វិធានសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ។
បន្ទាប់ពីណែនាំរួចមកលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរ ដល់ម្ចាស់ទីតាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការដូចខាងក្រោម ៖១. ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬ ជែលសម្រាប់លាងដៃនៅមុខច្រកទ្វារ ចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាន។ ២.ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ៣.ត្រូវរៀបចំបុគ្គលិកប្រចាំការវាស់ កំដៅភ្ញៀវមុននឹងអនុញ្ញាតឲ្យចូលភោជនីយដ្ឋាន ។ ៤.ត្រូវរៀបចំប្រព័ន្ធភ្លើងបំភ្លឺឱ្យបានច្បាស់ ។ ៥.ត្រូវរៀបចំកន្លែងអង្គុយឱ្យបានទូលាយជាលក្ខណៈភោជនីយដ្ឋាន ។ ៦.ត្រូវពង្រីកកន្លែងចំណតអោយបានធំទូលាយ ។ ៧.ត្រូវបន្ថែមបំពង់ ពន្លត់អគ្គីភ័យឱ្យបានច្រើន។ ៨. ត្រូវមានសញ្ញាប្រកាសអាសន្នពេលមានអគ្គីភ័យកើតឡើង ។ ៩. មិនត្រូវចតរថយន្តនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈជៀសវាងបណ្តឹងពីសាធារណជន ។ ១០.មិនត្រូវបំពងឧបករណ៍ សំឡេងធុងបាស ខ្លាំងនោះទេ ។ ១១.ត្រូវអនុវត្តតាមស្តង់ដារភោជនីយដ្ឋានដាច់ខាតមិនតម្រូវឱ្យប្រើភ្លេង ឬ ភ្លើងពណ៌ ដូចក្លឹបកម្សាន្តឡើយ ។ ១២.ក្នុងករណីម្ចាស់ភោជនីយដ្ឋាន មិនអនុវត្តតាមការណែនាំនេះរដ្ឋបាលខណ្ឌមានជ័យនឹងបិទអាជីកម្ម ភោជនីយដ្ឋាននោះជាបណ្តោះអាសន្ន ៕