ខេត្តព្រះសីហនុ៖ មជ្ឈមណ្ឌលជាតិស្តារនិតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈមួយបាននឹងកំពុងធ្វើការសាងសង់ឡើងលើផ្ទៃដី២០ហិចតា ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាគម្រោងរបស់ថ្នាក់ជាតិ។តាមរយៈការបង្កើតមជ្ឈមណ្ឌលនេះអ្នកញៀនថ្នាំនឹងអាចទទួលយកមកបន្សាបនៅទីនេះ។
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានវត្តមាន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាម តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវៈនិតិសម្បទា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: គណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត មន្ទីរអង្គរភាពពាក់ព័ន្ធ បានចុះពិនិត្យប្លង់មេនៃគម្រោងសាងសង់ មជ្ឈមណ្ឌលជាតិស្តារនិតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។
មជ្ឈមណ្ឌលនេះនឹងដាក់ដំណើរការផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តអ្នកញៀនគ្រឿងញៀនចំនួន១០០នាក់ក្នុងដំណាក់កាលដំបូង ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកា២០២០ខាងមុខ។ទន្ទឹមនឹងការបន្សាបអ្នកញៀនថ្នាំ មជ្ឈមណ្ឌលនេះ ក៏មានគម្រោងបណ្តុះបណ្តាលជំនាញផ្សេងៗដល់ពួកគេនិងស្វែងរកការងារជូនបន្ទាប់ពីបានសិក្សាជំនាញខ្លីៗផ្សេងៗនៅពេលចេញពីមជ្ឈមណ្ឌលនេះ។
ឯកឧត្តម កែ គឹមយ៉ាន បានស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការស្ថាបនាដើម្បីដាក់ឱ្យដំណើរនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្តតាមការគ្រោងទុកនៅខែវិច្ឆិកា២០២០ខាងមុខ ដើម្បីបន្ថយភាពចង្អៀតណែនមជ្ឈមណ្ឌលបន្សាបនៅរាជធានីភ្នំពេញ។
ជាមួយនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលជាតិនេះនឹងក្លាយជាកន្លែងផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុជំនាញស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។
យោងតាម លោក សំ សភា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន ខេត្តព្រះសីហនុ អោយដឹងថា មជ្ឈមណ្ឌលជាតិស្តារនិតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនេះគ្រោងចុះMOUជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងក្រុមហ៊ុនម៉ុងឫទ្ធីសម្រាប់បង្កើតទំនាក់ទំនងរកការងារជូនអ្នកដែលចង់រកការងារធ្វើនៅពេលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ សហគមន៍វិញ៕