ខេត្តកំពង់ធំ ៖ អាសូរ!ក្មេងប្រុសម្នាក់លង់ទឹកប្រឡាយទំនប់៣០កញ្ញា កន្លែងទ្វារបិទបើកទឹកបណ្ដាលអោយស្លាប់។ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ១៤ និង ៤៥ នាទីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចក្នុងប្រឡាយទំនប់ទឹក ៣០ កញ្ញា ភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សពកុមាររងគ្រោះមានឈ្មោះ ហេង ធារ៉ា ភេទ ប្រុស អាយុ ១០ ឆ្ឆ្នាំ ជនជាតិខ្មែរ ក្នុងបន្ទុកឪពុក-ម្ដាយ ដែលមានឪពុកឈ្មោះ ណូយ ហេង អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ សាន ឈិន អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមការបំភ្លឺពីឪពុបង្កើតបានរៀបរាប់ថា៖ នៅវេលាម៉ោង ១៤: ២៥ នាទី កុមាររងគ្រោះបានដើរទៅលេងទឹកមានគ្នា ០២នាក់ អាយុប្រហែលគ្នា នៅចំណុចកើតហេតុ លុះដល់វេលាម៉ោង ១៤ : ៤៥ នាទី ថ្ងៃដដែលក៏ស្រាប់តែក្មេងម្នាក់ស្រែកថា អារ៉ា ធ្លាក់ទឹកហើយ ភ្លាមៗនោះអ្នកជិតខាងក៏នាំគ្នាចុះមុជទឹកតាមរក តែរកមិនឃើញ ប្រហែលជិតពីរម៉ោង គឺនៅម៉ោង ១៦ និង ៤១នាទី ទើបរកឃើញក្មេងរងគ្រោះតែស្លាប់បាត់ហើយ ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍ និងរដ្ឋអំណាចមូលដ្ឋាន បានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព តាមការពិនិត្យមិនឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ ដោយក្នុងពោះកុមាររងគ្រោះមានទឹក ។
មូលហេតុ: កុមាររងគ្រោះចុះលេងទឹកប្រឡាយកន្លែងទ្វារបិតបើកទឹកបណ្តាលឲ្យទឹកហូរគួចលង់ស្លាប់តែម្តង ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕