ខេត្តបន្ទាយមានជ័យ ៖ក្មេងស្រីម្នាក់ដែលទើបតែអាយុ១ឆ្នាំ ឪពុកម្តាយបានទៅធ្វើការស្រុកគេអស់ទុកឱ្យនៅជាមួយយាយមើលថែ ដោយលោកយាយដើរទៅអង្គុយលេងនៅក្រោមដើមអំពិលមុខផ្ទះទុកចៅរត់លេងលេងនៅក្បែរផ្ទះ ស្រាប់តែបាត់ចៅមិនឃើញលុះដើរកបែរជាឃើញចៅនៅក្នុងពាងទឹកស្លាប់បាត់ទៅហើយ ។
ករណីក្មេងលង់ទឹកពាងស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិចាន់គីរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
ក្មេងស្រីដែលលង់ទឹកពាងស្លាប់មានឈ្មោះ ហឿន ស្រីនិច អាយុ១ឆ្នាំ មានឪពុកឈ្មោះ រ៉ែម សាយ អាយុ២៦ឆ្នាំ ម្ដាយឈ្មោះ ឈឿន ហឿត អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដោយឪពុកម្ដាយបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងពីរនាក់ ហើយបានទុកកូនឈ្មោះ ហឿន ស្រីនិច នៅជាមួយយាយ និងតា ។
តាមការរៀបរាប់របស់យាយឈ្មោះ ហុត ហឿត គាត់បានឱ្យចៅរបស់រត់លេងនៅក្បែរផ្ទះហើយគាត់ក៏ដើរទៅអង្គុយលេងនៅក្រោមដើមអំពិលមុខផ្ទះ ពេលអង្គុយលេងបានមួយសន្ទុះស្រាប់តែបាត់ចៅមិនឃើញ រួចគាត់បានដើររកអស់មួយសន្ទុះធំតែរកមិនឃើញ ពេលគាត់ដើរទៅអើតមើលពាងនៅក្បែរផ្ទះក៏ប្រទះឃើញចៅនៅក្នុងពាងមានទឹកស្លាប់បាត់ទៅហើយ ។
តាមការពិនិត្យលើខ្លួនសពមិនមានឃើញស្លាកស្នាមអ្វីទេ អាចសន្និដ្ឋានថាក្មេងស្រីរងគ្រោះពិតជាលង់ទឹកពាងស្លាប់ពិតប្រាកដមែន ៕
ឲ