ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បាននាំយកថវិកា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥.០០០.០០០រៀល ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពចំនួន០៤នាក់ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសពត្រូវបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ចាម។
បន្ថែមពីនេះក៏មានសប្បុរសជនដែលបានចូលរួមជាបច្ច័យរួមមាន ៖ លោកជំទាវ លាង វួចឆេង ហ៊ុនណេង ចំនួន ៥០០ដុល្លារ លោក ឈៀង រចនា ចំនួន ៥០០ដុល្លារ លោកស្រី លាង ណេង ចំនួន ១០០.០០០រៀល លោកស្រី លាង ហេង ចំនួន ៥០.០០០រៀល លោកស្រី លាង ស៊ាងអេង ចំនួន ៤០.០០០រៀល លោកស្រី នួន កេងឡាង ចំនួន ៧០.០០០រៀល លោកស្រី អេង សាន ចំនួន ៤០.០០០រៀល លោកស្រី សេង សំណាង ចំនួន ១០០.០០០រៀល រួមនឹង ថវិការដ្ឋបាលខណ្ឌចំនួន៤០០ដុល្លារ។
សូមរំលឹកផងដែរថា ករណីឃាតកម្ម ស្លាប់ដល់ទៅ៤នាក់បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១ និង០០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតផ្លូវ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ជាឪពុកមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់PasApp កូនស្រីទី១មាន ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ កូនស្រីទី២មាន ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ និងកូនស្រីទី៣មាន ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។
សូមដួងដួងវិញ្ញាណខ័ន្ធសព បានទៅចាប់បដិសន្ធិក្នុងទីឋានដ៏ខ្ពង់ខ្ពស់កុំបីឃ្លាងឃ្លាតឡើយ៕