កំពង់ចាម ៖ នៅព្រឹកថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ លោកស្រី ហ៊ឹម ម៉ាលី ត្រូវជាម្តាយបង្កើតរបស់លោកឧត្តសេនីយ៍ទោ ហេង ឡាលីន និងបុត្រាបុត្រី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ចំនួន៩វត្ត ស្ថិតនៅ ឃុំចំការអណ្តូង ស្រុងចំការលើ ខេត្តកំពង់ចាម។
ក្នុងពិធីកាន់បិណ្ឌវេនទី១នេះដែរ លោកស្រី ហ៊ឹម ម៉ាលី បាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យ ដោយក្នុងមួយវត្តបច្ច័យកសាងចំនួន ៩០ម៉ឺនរៀល និងសំភារៈមួយចំនួន។ ដោយឡែកបច្ច័យកសាងចំនួន ៣,១០០,០០០រៀល និងសម្ភារមួយចំនួន លោកស្រីបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្តអម្ពវនារាម ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ មានភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាលោកយាយជី តាជីផងដែរ។
បន្ទាប់មកនៅរសៀលថ្ងៃដដែល លោកស្រី ហ៊ឹម ម៉ាលី បានធ្វើពិធីចែកជូននូវអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាង១០០នាក់ ក្នុងភូមិចំការអណ្ដូង ដោយម្នាក់ៗទទួលបាន ៖ សារុង១, ក្រមា១, សំលៀកបំពាក់មួយកំផ្លេរ , គ្រឿងឧបភោគ បរិភោគមួយចំនួន រួមនឹងថវិកាចំនួន២ម៉ឹនរៀល។
លោកស្រី ហ៉ឹម ម៉ាលី បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយអោយបានទទួលកុសលផលបុណ្យ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ។
ក្នុងឳកាសនោះដែរ លោកស្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍របស់យើង។ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ៕