ខេត្ដស្វាយរៀង៖នាសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSH តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២០របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)។នាកិច្ចប្រជុំនេះដែរមានការចូលរួមពី តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងនាយកដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីតំណាងអង្គការដៃគូនានា លោក លោកស្រីសមាជិកលេខាធិការដ្ឋានPWG-RWSSHថ្នាកខេត្ត។
ឆ្លៀតឱកាសនៃកិច្ចប្រជុំនេះផង ឯកឧត្ដមអភិបាលរងក៏បានសំណូមពរ និងដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់ត្រីមាសទី៤ ដូចខាងក្រោម៖
១− សូមលេខាធិការដ្ឋានក្រុមការងារ(PWG-S) ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាប្រធាន
បន្តពិនិត្យមើលចំណុចសំខាន់ៗ ក្នុងផែនការសកម្មភាពខេត្តជំហានទី២ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត ឆ្នាំ២០១៩-២០២៣ (PAP II 2019-2023) ដើម្បីដាក់ចេញជាសកម្មភាពអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តចំគោលដៅ និងទទួលបានជោគជ័យ។
២− សូមមន្ទីរជំនាញនានាជុំវិញខេត្ត អង្គការដៃគូ រដ្ឋបាលក្រុង/ស្រុក ដែលជាសមាជិកក្រុមការងារ
PWG-RWSSH សូមបន្តសហការ និងដាក់ចេញជាផែនការសកម្មភាពអាទិភាព លើការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ពិសេសរដ្ឋបាលក្រុង/ស្រុក គឺត្រូវណែនាំទៅដល់ឃុំ/សង្កាត់ ពង្រឹងការអនុវត្តសកម្មភាពរបស់ខ្លួនគឺធ្វើយ៉ាងណាឲ្យឃុំ/សង្កាត់ទាំងអស់ត្រូវសម្រេចបានODF នៅបំណាច់ឆ្នាំ២០២០ និងក្រុង/ស្រុក គឺត្រូវសម្រេចODF នៅឆ្នាំដំណាច់ឆ្នាំ២០២១ ហើយខេត្តស្វាយរៀងនឹងត្រូវសម្រេចODF ឆ្នាំ២០២២។
៣− សូមអង្គការដៃគូនានា មេត្តាបន្តគាំទ្រ និងឧបត្ថម្ភជាថវិកា និងសម្ភារៈលើការងារផ្គង់ផ្គង់ទឹក
ការសំអាត និងអនាម័យជនបទដើម្បីឲ្យខេត្តស្វាយរៀងអាចមានលទ្ឋភាពសម្រេចបានតាមផែនការ គឺនៅឆ្នាំ២០២២ ក្លាយជាខេត្តទី១ នៃប្រទេសកម្ពុជា ដែលបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។
៤− បន្តរិះរកគន្លឹះ និងផែនការសកម្មភាពជាអាទិភាពសម្រាប់អនុវត្តក្នុងត្រីមាសទី៤ឆ្នា២០២០
ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ឋិភាព នៅក្នុងកម្រិតក្របខ័ណ្ខអង្គភាព មន្ទីរជំនាញនានា គម្រោងរបស់អង្គការដៃគូ រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ទាំងអស់៕