ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២០នេះ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនបងប្អូនសហគមន៍ក្រីក្រ រងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិព្រែកតាឡុង និងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ១០៥ គ្រួសារ ។
ក្នុងការចុះសួរសុខទុក្ខនេះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់
– លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជា អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ
– ឯកឧត្ដម យី កុយ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ
– លោក ផេង ឡាង សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ
– លោក ប្រាំង សុផល នាយករដ្ឋបាល ខណ្ឌមានជ័យ
– លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ ចំណុះ ខណ្ឌមានជ័យ ទាំង១១
– លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម
– លោក លោកស្រី សមាជិក ក្រុមប្រឹក្សាសង្កាត់ ចាក់អង្រែក្រោម
– លោក លោកស្រី មេភូមិ ទាំងអស់
– លោក លោកស្រី សម្បុរសជន
– យុវជនកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និង ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
បន្ទាប់មក លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។ ម្យ៉ាងវិញទៀត លោក ពេជ្រ កែវ មុនី ប្រធានកិត្តយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តទៀតថា សូមអោយបងប្អូនសហគមន៍ក្រីក្រទាំង ១០៥ គ្រួសារ កុំអោយមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ដង្ហើមចេញចូល និង គ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៌គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
អំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន ៖
– អង្ករ ១០គីឡូក្រាម , ទឹកសុទ្ធ ១យួរ , ទឹកត្រី ២ដប , មី ១០ កញ្ចប់ , ទឹកក្រូច ៣កំប៉ុង , រួមទាំងថវិកា ២០,០០០ រៀល ចំនួន ១០៥ គ្រួសារផងដែរ ៕