ខេត្តកំពង់ចាម៖តាមរបាយការណ៍ស្ដីពីផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា ខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាក្រុង ស្រុក ដោយបានបង្កការខូខាតនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលក្នុងនោះមាន ៖ ប៉ះពាល់ដំណាំស្រូវវស្សាចំនួន ៧៨៣ហ.ត (ក្នុងស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់) ។
លិចផ្លូវកៅស៊ូប្រវែង ៧.៧០០ម៉ែត្រ និងខូចស្រទាប់គ្រឹះ ដាច់ចិញ្ចើមផ្លូវប្រវែង ៦.០០០ម៉ែត្រ ខូចផ្លូវក្រួសក្រហមប្រវែង ២.១០០ម៉ែត្រ ស្រុតប្រេះតួផ្លូវកៅស៊ូប្រវែង ៥៥ម៉ែត្រ បាក់លូរំដោះទឹកបណ្ដោយ ៧ម៉ែត្រ ។
ក្រៅពីនោះ ជំនន់ទឹកភ្លៀង ក៏បានបង្កឲ្យលិចសាលារៀនចំនួន ១៨កន្លែង (ប៉ុន្តែ សាលាបានបើកឲ្យដំណើរការសិក្សាវិញហើយ ដោយសារទឹកជំនន់ លិចរយៈពេលខ្លី) និងបាក់របងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប្រវែង ៣០ម៉ែត្រ (នៅឃុំដងក្ដារ ស្រុកស្ទឹងត្រង់) ។
ទន្ទឹមនឹងផលប៉ះពាល់ នេះដែរ អាជ្ញាធរ និងស្ថាប័នជំនាញ ក៏បានចុះជួយអន្តរាគមន៍ និងដោះស្រាយតាមលទ្ធភាព បានមួយចំណែក ផងដែរ ។
ដោយឡែក ជាទិសដៅចំពោះមុខ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តការតាមដានអំពីស្ថានភាពអាកាសធាតុ សហការជាមួយមន្ទីរព័ត៌មានខេត្ត និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុ ។ ដូចគ្នានោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក អប់រំផ្សព្វផ្សាយ អំពីវិធានការកាត់បន្ថយជាអតិបរិមា នូវផលប៉ះពាល់សុខភាព អាយុជីវិត មុនពេល អំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ ឲ្យបានគ្រប់មូលដ្ឋាន ជាពិសេស លើការយកចិត្តទុកដាក់ដល់ក្រុមងាយរងគ្រោះ ។
ទន្ទឹមនឹងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បី ជម្លៀសប្រជាជន និងសត្វពាហនៈ នៅក្នុងតំបន់រងគ្រោះទៅកាន់ទីទួលសុងវត្ថិភាព ។
ចំណែកឯ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ត្រៀមលក្ខណៈរៀបចំស្បៀង និងសម្ភារៈ សម្រាប់បង្កលក្ខណៈឆ្លើយតប និងអន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ។ មួយវិញទៀត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រៀបចំក្រុមគ្រួពេទ្យប្រចាំការ និងសម្ភារៈបរិក្ឋា រួមទាំង ឱសថ ជាពិសេស ថ្នាំការពារសត្វអាសិរពិស ។
ដូចគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្ន ផងដែរ ចំពោះ ហេតុការណ៍ចៃដន្យណាមួយ ដែលបណ្ដាលឲ្យប៉ះពាល់ដល់អាយុជិវិត ជាពិសេស ការប្រុងប្រយ័ត្ន ចំពោះ កុមារ ជនពិការ និងចាស់ជរា ៕ដោយ៖ ចិន សារ៉ាត