ភ្នំពេញ៖ស្របពេលដែលរាជធានីភ្នំពេញ តាមបណ្ដាខេត្តមួយចំនួនកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយ ក្នុងនោះ មានផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅ រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ និង ខេត្តកណ្ដាល ជាដើម ត្រូវបានលិចលង់ និង ផ្លូវជាតិមួយចំនួន ត្រូវបានផ្អាកចរាចរ ជាបណ្តោះអាសន្ន នោះ អាជ្ញាធរ បាននិងកំពុង រិះរកគ្រប់វិធានការដើម្បីរំដោះការ ជន់លិច ដោយសារជំនន់ទឹកភ្លៀងកុំអោយអូសបន្លាយ យូរនិងប៉ះពាល់ ដល់សុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។
ដើម្បីចូលរួមចំណែកជួយសម្រាកបញ្ហានេះ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹកនេះ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ដឹកនាំសមាជិកបានផ្តល់ ថវិកា គ្រឿងឧបភោគ បរិភោគ ដល់ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអំពិលប្រាំដើម ខេត្តបាត់ដំបង់ សម្រាប់ជួយជាជំនួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នេះ ផងដែរ ។
សកម្មភាពភាពនេះ បានឆ្លុះបង្ហាញអោយឃើញថា ខ្មែរ គឺ ចេះជួយខ្មែរគ្នាឯង នៅពេល ជួប ទុក្ខលំបាក ហើយ សង្ឃឹមថា បណ្តាសមាគម និងក្រុមហ៊ុនឯកជនផ្សេងៗ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកជួយដល់សង្គម ។
ជាក់ស្តែង សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ដឹកនាំសមាជិកបានផ្តល់ជំនួយរួមមាន៖ថវិកាចំនួន៤៩០០ដុល្លារ, អង្ករ២តោន,ជែលលាងដៃ៥០ ដប ,អាកុលដបធំ (500ml)ចំនួន ១១១ដប, អាកុលតូចចំនួន ៤៤៤ដប,ថ្នាំដុសធ្មេញ២០០ដើម,ក្រមា៣៣៣,ថ្នាំពេទ្យ Acetab Paracetamol 500mgចំនួន៧២ប្រអប់,ថ្នាំពេទ្យ Tonk-kkkចំនួន២៤ប្រអប់,ទឹកបរិសុទ្ធកម្ពុជា១០០កេះ, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី៩៤យួរ,អាវរងា១១០អាវ,អាវរងា១១០អាវ ប្រគល់ជូនដល់ឯកឧត្តម រាជ សុភទ្ទធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រក្នុងខេត្តបាត់ដំបង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាៗ ។
ក្នុងឱកាសទទួលជំនួយនេះ ឯកឧត្តម រាជ សុភទ្ទអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង់ បានសម្តែងនូវទឹកចិត្ត កោតសរសើរ ចំពោះសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) និងសមាជិកដែលបានចូលរួមសហការជាមួយអាជ្ញាធរ លើការងារសង្គម ផ្តល់ជំនួយជាអង្ករ សម្ភារៈផ្សេងទៀតជាច្រើនដល់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ក្នុងគ្រោះទឹកជំនន់ នេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណ ដល់ ប្រធានសមាគម និងសមាជិករបស់សមាគម ដែលបានផ្ដល់ជូនថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងម្ភារៈផ្សេងទៀត ដើម្បីទុកបម្រុងសម្រាប់ ជួយដល់ពលរដ្ឋរងគ្រោះ ផ្សេងៗ ដែលកើតឡើង ជាយថាហេតុ នៅក្រសួងមហាផ្ទៃ៕