ខេត្ដស្វាយរៀង៖បន្ទាប់ពីចុះពិនិត្យ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួនពីរគ្រួសារ នៅភូមិចេក ឃុំសំរោង និងភូមិត្រពាំងរុន ឃុំច្រេសស្រុកចន្ទ្រា នាព្រឹកថ្ងៃពុធ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១២១គ្រួសារ មកពីឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុកចន្ទ្រា លោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាកសិករជាច្រើនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ឯកឧត្តមបន្តថា រដ្ឋបាលខេត្តសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំកសិផល សត្វពាហន: ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយះពេលកន្លងមកជាពិសេសនៅឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា នាពេលកន្លងមក។ ទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយះឯកឧត្តម នាយឧត្តមសេនីយ មឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដែលឯកឧត្តមបាននាំយកនូវពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលរៀបចំពិធីនេះឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។
អំណោយស្រូវពូជរបស់សម្តេចតេជោដល់ប្រជាពលរដ្ឋ១២១គ្រួសារ ក្នុងមួយគ្រួសារ១០០គីឡូក្រាម និងថវិកា២ម៉ឺនរៀលដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕