រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកបរគ្រឿងចក្រម្នាក់បានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងសំណង់ផ្ទះល្វែងដែលគេទុកចោលរបស់ក្រុមហ៊ុនមួយ បណ្តាយឱ្យបាត់បង់ជីវិត ហើយហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងទុកចោល ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
បុរសដែលគិតខ្លីខាងលើនេះ ត្រូវនគរបាលបានឲ្យដឹងថា មានឈ្មោះ លឹម សុភ័ណ្ឌ អាយុ២៧ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុន និងមានស្រុកកំណើតនៅភូមិមហាលាភ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ហើយយុវជនរូបនេះបានបញ្ចប់ជីវិតខ្លួនឯងនឹងក្រមាចងជាប់ទៅនឹងឈើឆ្កាងសម្រាប់យោងគ្រឿងសំណង់នៅជាន់ឡៅតឿ។
តាមនគរបាលបានឲ្យដឹងបន្តថា នៅមុនពេលភ្ញាក់ផ្អើល មានកម្មករដែលស្នាក់នៅក្នុងការដ្នានបានបើកទ្វារចូល ដើម្បីធ្វើការ ក៏ស្រាប់តែប្រទះឃើញសាកសព ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
ទាក់ទិននឹងករណីខាងលើនេះ គេពុំទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែតាមកម្មករដែលស្នាក់នៅក្នុងការដ្ឋានដូចគ្នាបានឲ្យដឹងថា កន្លងមក បុរសរូបនោះតែងតែផឹកស្រានៅក្នុងការដ្ឋានសប្បាយរីករាយមិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែរយៈពេលប្រមាណ២ថ្ងៃនេះ គេឃើញអ្នកបើកគ្រឿងចក្ររូបនោះ មានទឹកមុខស្រងូតស្រងាត់ ហាក់បីដូចជាមានបញ្ហាអ្វីមួយ តែមិននឹកស្មានថា បុរសរូបនេះគិតខ្លី រួចបញ្ចប់ជីវិតខ្លួនឯងបែបនេះសោះ៕