ខេត្ដស្វាយរៀង៖នាព្រឹកថ្ងៃពុធ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ចិន ច័ន្ទមុនី ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តស្វាយរៀង។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍គាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តស្វាយរៀង ឆ្នាំ២០២០នេះ ជាពិសេសវិធានការក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កំឡុងពេលនៃការប្រឡង ដើម្បីសុវត្ថិភាព និងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទប់ស្កាត់បាននូវភាពអសកម្មនានាដែលអាចកើតឡើងជាយថាហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រឡង ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរទេសចរណ៍ត្រូវចុះផ្សព្វផ្សាយ និងអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ ដូចជាម្ចាស់សណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលជាដើម សូមកុំដំឡើងថ្លៃស្នាក់នៅក្នុងអំឡុងពេលប្រឡងរបស់បេក្ខជន។ ដោយឡែកសម្រាប់ការផ្ញើកង់ ម៉ូតូ គឺត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពកុំឲ្យមានការបាត់បង់ ហើយចំពោះតំលៃផ្ញើកង់ ម៉ូតូ គឺសាលាខេត្ត ជាអ្នកជួយរ៉ាប់រងចំណាយដោយមិនតម្រូវឲ្យបេក្ខជនប្រឡងបង់ថ្លៃនោះទេ។
ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត ក៏បានទទួលយកនូវសំណូមពរមួយចំនួនដែលលើកឡើងដោយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានប្រគល់ជូនមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ សហការធ្វើការដោះស្រាយឲ្យបានល្អប្រសើរ និងចប់សព្វគ្រប់ឲ្យបានមុនថ្ងៃប្រឡង៕