ខេត្ដសៀមរាប ៖ ការដ្ឋានសាងសង់ និងកែលម្អរ ផ្លូវចំនួន៣៨ខ្សែ រួមនិង ដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបផងដែរនោះ ត្រូវបានបើកការដ្ឋានស្ថាបនាហើយ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា។
ផ្លូវទាំង៣៨ ខ្សែ ដែលស្ថាបនា កែលំអរខាងលើនេះ មានប្រវែង សរុបជាង១០៨គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ ថវិកាជាតិ សរុប ប្រមាណ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លាន ដុល្លារអាមេរិកទៀត សម្រាប់ការងារ ចាំបាច់ ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។
ក្រោយសាងសង់ហើយ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជា ទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាព របស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕