ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងនគរបាលស្រុកស្ទោងទទួលផ្នែកព្រហ្មបានឲ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា មានករណីបុរសម្នាក់កំពុងតែអង្គុយតខ្សែរភ្លើងបញ្ចូលអាគុយពីផ្ទាំងសូឡានៅមុខផ្ទះរបស់ខ្លួនសុខៗ ក៏ត្រូវបុរសជាជនសង្ស័យម្នាក់កាន់ដំបងដើរចូលមកវាយសំពងជាច្រើនដំបង ដោយគ្មានមូលហេតុ បណ្ដាលឲ្យជនរងគ្រោះដួលផ្កាប់មុខប្រកាច់ស្លាប់មួយរំពេចនៅនឹងកន្លែងតែម្ដង ។
ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
លោកអធិការរងនគរបាលស្រុកស្ទោងបានបន្តថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៩ខែវិច្ឆិកា នៅក្នុងភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកអធិការរងនគរបាលស្រុកស្ទោងបានបន្តថា ជនសង្ស័យឈ្មោះ ឈួន ឆឺយ ភេទប្រុស អាយុ៦១ឆ្នាំ (មានសតិមិនប្រក្រតី) មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឹម ប៉ូច ភេទប្រុស អាយុ២៧ឆ្នាំ មានប្រពន្ធឈ្មោះ សយ សាន អាយុ២១ឆ្នាំ និង មានកូនប្រុសម្នាក់ អាយុទើបតែ៦ខែ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។
លោកអធិការរងនគរបាលស្រុកស្ទោងបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយ.តខ្សែរភ្លើងបញ្ចូលអាគុយពីផ្ទាំងសូឡានៅមុខផ្ទះរបស់ខ្លួនសុខៗ ក៏ត្រូវជនសង្ស័យកាន់ដំបងដើរចូលមកវាយសំពងជាច្រើនដំបង ដោយគ្មានមូលហេតុ បណ្ដាលឲ្យជនរងគ្រោះដួលផ្កាប់មុខប្រកាច់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុតែម្ដង ។
លោកអធិការរងនគរបាលស្រុកស្ទោងបានបន្តទៀតថា ជនសង្ស័យមានសតិមិនគ្រប់ ហើយជននេះក៏មានប្រពន្ធកូននឹងគេដែរ តែដោយសារតែភាពកំរោលចូលគ្រប់គ្រងខ្លួនឯងមិនបាន ឲ្យតែខឹងម្តងៗជនសង្ស័យរូបនេះតែងតែទាញដំបងដេញវាយធ្វើបាបប្រពន្ធកូនជាច្រើនលើកច្រើនសារមកហើយ ដែលជាហេតុធ្វើឲ្យប្រពន្ធកូនទ្រាំរស់នៅជាមួយមិនបាន ក៏នាំគ្នាវេចបង្វេចចុះចោលអស់ទៅ ដោយបន្សល់ទុកជនសង្ស័យរស់នៅតែលតោលតែម្នាក់ឯង រហូតមកទល់នឹងថ្ងៃកើតហេតុខាងលើនេះក៏កើតមានរឿងបែបនេះតែម្តង ។
លោកអធិការរងនគរបាលស្រុកស្ទោងបានបន្តឱ្យដឹងថា យោងតាមការពិនិត្យ សពជនរងគ្រោះ ត្រូវជនសង្ស័យវាយនឹងដំបងឈើងជ្រុងជាច្រើនដំបងធ្វើឲ្យបែកលើត្រចៀកខាងស្ដាំចំនួនពីរកន្លែង និងដាច់ត្រត្រចៀកឆ្វេងជាពីជំរៀក ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕