ខេត្ដកំពង់ចាម៖ សូមចូលរួមអបអរសាទរចំពោះ បងប្អូនប្រជាពលរដ្ឋទាំង៨នាក់ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោយពីពិនិត្យជាលើកទី១ គឺលទ្ធផលអវិជ្ជមានទាំងអស់គ្នា ។
ជាមួយគ្នានោះលោក ឡោ ចាន់លី អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះធ្វើការសិក្សាស្រាវជ្រាវ ក្នុងទីតាំងរោងចក្រសាន់ស៊ូហ្គាមិន ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ចំពោះករណីបុគ្គលិក កម្មករ កម្មការិនី ចំនួន៣៣នាក់ ដែលមានសកម្មភាពទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយស្រ្តី ២ នាក់ ដែលជាបុគ្គលិក និងកម្មករបម្រើការនៅក្នុងរោងចក្រ សាន់ស៊ូហ្គាមិន ហើយបច្ចុប្បន្នស្ត្រីពីររូបខាងលើនេះត្រូវបានមន្ទីរសុខាភិបាល ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គផងដែរ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ។
ជាលទ្ធផលក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានឲ្យមនុស្សទាំង ៣៣នាក់នេះ ធ្វើការឈប់សម្រាកពីការងារបណ្ដោះអាសន្នរយៈពេល ១៥ថ្ងៃ(អនុញ្ញាតឲ្យឈប់សម្រាកចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០) ដើម្បីធ្វើចត្តាឡីស័ក ដោយខ្លួនឯង តាមគេហដ្ឋានរៀងខ្លួន ឬ បន្ទប់ជួលរបស់ខ្លួន ដែលខ្លួនកំពុងស្នាក់នៅ ( ដែលក្នុងនោះ ស្រុកព្រៃឈរ ៣០ នាក់ ស្រុកកងមាស០២នាក់ និងស្រុកកំពង់សៀម០១ នាក់) ។
ហើយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនិង ពិភាក្សា ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខកម្មករកម្មការិនី និងពិនិត្យ វាស់កម្តៅ ជូនពួកគាត់ និងបានបង្ហាញវិធានអនាម័យ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋទាំង៨នាក់ដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ក្រោយពីពិនិត្យជាលើកទី១ គឺលទ្ធផលអវិជ្ជមានទាំងអស់គ្នា ៕