ខេត្ដស្វាយរៀង ៖ យ៉ាងហោចណាស់ មានប្រុសស្រី២នាក់រងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដា PCX បត់ឆ្វេងមិនបានមើល ក្រោយ បណ្ដាលឲ្យម៉ូតូហុងដាវ៉េវចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ០១ Km ១២៣និង១២៤ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ស្ត្រីដែលបង្កហេតុមានឈ្មោះ យស់ សាវឿន អាយុ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ជិះម៉ូតូម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-1609។ ចំណែកភាគីម្ខាងទៀត មានឈ្មោះ ប៉េង កុសល អាយុ ២២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិកំពង់ចំឡង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-8537។
បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីចំណាស់ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស នៅលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ខណៈនោះក៏បានបត់ឆ្វេងមិនបានមើលក្រោយ ស្រាប់តែមានម៉ូតូមួយគ្រឿង ហុងដា Wave ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា ចាប់ហ្វ្រាំងមិនទាន់ក៏បុកយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវតែម្ដង។
ក្រោយមកអ្នករបួសទាំងសងខាង ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងសមត្ថកិច្ចវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕