ខេត្ដរតនគីរី៖ ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅ ភូមិភ្នំធំ ឃុំយក្សឡោម ក្រុងបានលុងនៅចំណុចភ្នំយោល
នឹងនៅភូមិបឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការរំខាន និងខ្លាចរអាចំពោះអាជ្ញធរ ឬ សមត្ថកិច្ចពាក់ព័ន្ធ ណាម្នាក់ឡើយ ដែលគេស្គាល់ម្ចាស់ជាភាគហ៊ុន ឈ្មោះ ពិន តង បើកលេងអស់រយៈពេលរាប់ខែមកហើយ មានឈ្មោះល្បីល្បាញពេញខេត្ដរតនគីរី ដែលមានមានអំណាចមកពីឋានព្រះឥន្ធខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ចខេត្ដរតនគីរីអាជ្ញាធរនឹងសមត្ថកិច្ចមិនហ៊ានប៉ះ។
ក្រោយពីបង្ក្រាបមិនបានប៉ុន្មានថ្ងៃផងគេឃេីញបេីកលេងយ៉ាងគគ្រឹកគគ្រេងហេីយខ្លាំងក្លាជាងមុនទៅទៀតដោយមានមេីលផ្លូវយ៉ាងឆ្វាត់ឆ្វែង យាមកាមតឹងរឹងល្អណាស់។
បើតាមសម្តីក្រុមអ្នកញៀនល្បែង បានប្រាប់ឲ្យដឹងថា ទីតាំងបើកលេងល្បែងស៊ីសងខាងលើនេះ ដុះស្លែរទៅហេីយ រហូតបច្ចុប្បន្ននេះ គឺនៅដំណើរការជាធម្មតា ហើយក៏មានក្រុមអ្នកញៀនល្បែង ចូលទៅលេងជាច្រើនកុះករ និងមានការចាក់ភ្នាល់ជាលុយ ក្នុងមួយក្តាៗរាប់ពាន់រាប់លានរៀលឯណ្ណោះ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ បានលួចបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេង ថែមទាំងហោរកញ្ច្រៀវ បង្កសម្លេងលឺខ្លាំង ៗផ្អេីលសត្វព្រៃ។ នេះបញ្ជាក់ឲ្យឃើញថា បង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋាន តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណា ហ៊ានចុះបង្ក្រាបឡើយ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាត្រូវថ្នាំសណ្ដំ របស់ម្ចាស់បនល្បែងនោះហើយមើលទៅ ទើបមិនហ៊ានបង្ក្រាប។
ពលរដ្ឋក្នុងមូលដ្ឋាន កំពុងព្រួយបារម្មណ៍ ចំពោះទ្រព្យសម្បត្តិ សុខសុវត្ថិភាព របស់ពួកគាត់។ ជាមួយគ្នានោះ ពលរដ្ឋបានស្នើរសុំដល់លោកអភិបាលក្រុងបានលុង លោកអធិការ ជាពិសេស ឯកឧត្ដមអភិបាលខេត្ដ លោក ស្នងការនគរបាលខេត្តរតនគីរី មេត្តាជួយចុះទៅពិនិត្យ ឬចាត់វិធានការទៅលើទីតាំងល្បែងស៊ីសងសង្វៀនមាន់ជល់ មួយនេះផង ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បីសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិផងដែរ។
កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ ចំណុចជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងករណីទីតាំងល្បែងសុីសងខាងលើនេះដែរ លោកអធិការក្រុងបានលុងបានប្រាប់មកអង្គភាពសារព័ត៌មាន BPN News តាមរយះទូរសព្ទ័ថា កាលពីមុនបង្ក្រាបហេីយ តែឥឡូវនេះលោកមិនទាន់បានទទួលព័ត៌មាននេះទេលោកនឹងឲ្យមន្ដ្រីចុះទៅមេីល៕