ខេត្តស្វាយរៀង ៖ អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានលេបត្របាក់ផ្ទះ១ខ្នង សល់តែផេះខណៈម្ចាស់បានយកចំបើងដាក់ទុកក្នុងផ្ទះនេះសម្រាប់ឲ្យគោស៊ី ហើយមិនដឹងថាមូលហេតុអ្វីនោះ ទើបមានអគ្គិភ័យនេះកើតឡើង ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីរកមូលហេតុ។
ហេតុការណ៍ភ្លើងឆេះផ្ទះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៨ ធ្នូ២០២០ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំសំបួរបានឲ្យដឹងថា ផ្ទះដែលឆេះនោះមានទំហំ០៣ម៉ែត្រកន្លះគុណ០៧ម៉ែត្រធ្វើអំពីកូនឈើដំបូលស័ង្កសីជញ្ជាំងស័ង្កសី ជាផ្ទះរបស់ឈ្មោះសំ សារៀប ភេទប្រុស អាយុ៣៥ឆ្នាំ ជាទាហាន ស្រុកស្វាយទាប ជនជាតិខ្មែរ អាសយដ្ឋាននៅកន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុម្ចាស់ផ្ទះមិននៅផ្ទះ ក៏មានអគ្គីភ័យឆាបឆេះផ្ទះ មានអណ្តាតភ្លើងសន្ធោសន្ធៅទៅហើយបានម្ចាស់ដឹង ហៅអ្នកជិតខាងឲ្យជួយក៏ប៉ុន្តែមិនអាចជួយពន្លត់បានដោយនៅក្នុងផ្ទះមានដាក់ចំបើងពេញមួយចំហៀងផ្ទះឆាបឆេះយ៉ាងខ្លាំង មិនអាចពន្លត់បានក៏ឆេះអស់សល់តែផេះតែម្តង។
មូលហេតុ សមត្ថកិច្ចយើងកំពុងសាកសួរនិងស្រាវជ្រាវរកមូលហេតុថា តើឆេះដោយសារអ្វីពិតប្រាកដនោះទេ ។
សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមជនបទសូមកុំយកពន្នូកចំបើងដាក់ជិតផ្ទះឬដាក់ក្នុងផ្ទះបែបនេះ ហានីភ័យខ្លាំងណាស់បង្កឲ្យឆេះផ្ទះបានដូចករណីខាងលើនេះ៕