ខេត្ដស្វាយរៀង៖ នៅថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
យោងតាមការណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងឯកឧត្ដមអភិបាលខេត្ត ដោយមានការចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទើបចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក និងត្រួតពិនិត្យកន្លែងចត្តាឡីស័ក ដើម្បីពង្រឹងការអនុវត្តការធ្វើចត្តាឡីស័កអោយមានប្រសិទ្ធិខ្ពស់ សម្រាប់ត្រៀមរៀបចំទទួលបងប្អូនពលករចំណាកស្រុក ក្នុងករណីបង្ការក្រែងមានការវិលត្រឡប់ចូលស្រុកវិញពីសំណាក់បងប្អូនចំណាកស្រុក បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ប្រទេសថៃ ក្នុងនោះក្រុមការងារបានត្រួតពិនិត្យបន្ទប់សំរាក បន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងសំរាករបស់ក្រុមគ្រូពេទ្យ និងកម្លាំងការពារ នៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត កំរិត២ ស្ថិតនៅអតីតការិយាល័យកសិកម្មស្រុក ស្ថិតនៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង៕