ខេត្ដព្រះសីហនុ ៖ រថយន្តពីរគ្រឿង បោលបុកគ្នាពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១៖០០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១៣៩១-១៤០ ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្តម៉ាកឡិចស៊ីស និងរថយន្តកុងទីន័រ មានទិសដៅផ្ទុយគ្នា។ អ្នកបើកបររថយន្តទាំង២ បានរត់គេចបាត់អស់ បន្សល់ទុកនៅអ្នកដំណើរ(ភ្ញៀវ)ក្នុងឡានឡិចស៊ីសម្នាក់ (ជនជាតិចិន) រងរបួសស្រាល ចំណែករថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ។
បច្ចុប្បន្ន កម្លាំងស្នាក់ការ៤០២ បានសហការជាមួយកម្លាំងនគរបាលកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ដើម្បីបញ្ជៀសការកកស្ទះ៕