ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជម្រុញ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំមូលដ្ឋានត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាជាពិសេសទទួលនូវសំណូមពរ និងក្តីកង្វល់នានាពី ប្រជាពលរដ្ឋ ហើយអជ្ញាធរមូលដ្ឋានត្រូវខិតខំកែលម្អរនូវចំណុចខ្វះខាតដែលកើតមានឡើង នាពេលកន្លងទៅ។
ការលើកឡើងខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកា និងបើកកិច្ចប្រជុំបូកសរុប ការងារគណបក្សឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចការងារ ឆ្នាំ២០២១ ដែលពិធី នេះធ្វើឡើងនៅក្នុងស្នាក់ការបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាមនាព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២០ ថ្ងៃចុងសប្តាហ៍នេះ។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម អ៊ុន ចាន់ដាបានមានប្រសាសន៍លើកទឹកចិត្ត ដល់អជ្ញាធរមូលដ្ឋាន ត្រូវបផ្តល់នូវសេចក្តីទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយ ឆាប់ដោះស្រាយ ឆាប់រាយការណ៍ទៅថ្នាក់លើ ប្រសិនបើមានរឿងអ្វីមួយមិនអាចដោះស្រាយ បាន។
ជាងនេះទៅទៀតត្រូវខិតខំដោះស្រាយឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយះបណ្តាញសង្គម ប្រអប់សំបុត្រ ឫសំណូមពរត្រង់ទៅកាន់អជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះដែរឯកឧត្តម អ៊ុន ចាន់ដាក៏បានណែនាំដល់អជ្ញាធរមូលដ្ឋាន ត្រូវចេះសាមគ្គីភាព ផ្ទៃក្នុង ធានាឲ្យបាននូវប្រក្រតីការងារក្នុងសមូហភាពដឹកនាំនិងបម្រើការងារ ពង្រឹងការអនុវត្ត ច្បាប់និងមានសិល្បះចែករំលែករវាងគ្នាទៅវិញទៅមក៕