កណ្តាល៖ក្មេងទំនើង៦នាក់ ក្នុងនោះមានកូនកំលោះផង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ធ្វើការឃាត់ខ្លួនក្រោយបង្កហិង្សាទៅវិញទៅមកផ្អើលពេញរោងការ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២និង០០នាទី យប់ថ្ងៃទី១៧ខែមករាឆ្នាំ២០២១ នៅចំណុចក្នុងរោងការភូមិព្រែករាំង១សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងថាក្មេងទំនើងខាងលើក្រុមទី១.មានគ្នា៤នាក់ភាគគីខាងកូនកំលោះ៖
ទី១ .ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម,មុខរបរកម្មករសំណង់,ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល(ឃាត់ខ្លួន) ។
២.ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម,មុខរបរកម្មករសំណង់,ត្រូវជាពូរបស់កូនកំលោះមានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន) ។
៣.ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម,មុខរបរកម្មករសំណង់,ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន) ។
៤.ឈ្មោះ អេង រដ្ឋា ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹកស្រុកកំពង់ត្រឡាចខេត្ត កំពង់ឆ្នាំង,មុខរបរកម្មករសំណង់,ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។
ក្រុមទី២.មានគ្នា២នាក់ភាគគីខាងកូនក្រមុំ៖
ទី១.ឈ្មោះ អេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរកម្មករសំណង់ ,ត្រូវជាបងជីដូនមួយខាងកូនក្រមុំ ,មានរបួសស្នាមរយៈត្រង់កខាងឆ្វេង(ឃាត់ខ្លួន)។
២.ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ,ត្រូវជាបងជីដូនមួយខាងកូនក្រមុំមានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។
ក្នុងនោះសម្ភារខូចខាត៖បែកបាក់សម្ភារៈ កៅអី តុ ចាន កែវ ថូផ្កា ។
សមត្ថកិច្ចបន្តថាមុនកើតហេតុខាងលើ មានកម្មវិធីរៀបមង្គលការមួយ ដោយមានភ្ញៀវទាំងសងខាងបានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគគីទាំង២បានឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួន តែម្តង។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់អោយចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម យកមកចាត់ការតាមនីតិវិធីតែម្តង៕