ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងអភិបាលរងខេត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អញ្ជេីញចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទDBST និងកសិដ្ឋានចិញ្ចឹមសត្វ ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម។
បេីតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ អ្នកបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្លូវដែលជាសមទ្ធិផលរបស់រាជរដ្ឋាភិបាលតាមរយ: ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តកំពង់ចាម ដោយបានចុះពិនិត្យផ្លូវប្រវែង២៨គីឡូម៉ែត្រ ពីភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដល់ផ្លូវ៧១C កាត់ឃុំទួលព្រះឃ្លាំង និងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលកំពុងអនុវត្តដោយក្រាលកៅស៊ូប្រភេទDBST (ជាថវិកាពហុឆ្នាំរបស់នាយកដ្ឋាន)។
គួរបញ្ជាក់ថា ទន្ទឹមនឹងការចុះពិនិត្យផ្លូវខាងលេីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ ជាមួយនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងចិញ្ចឹមសត្វជ្រូក និងសត្វមាន់ និងការដាំដុះដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ឃុំស្រក ស្រុកកំពង់សៀមនោះផងដែរ ៕