ភ្នំពេញ ៖ ទីតាំងចាក់បាល់ដ៏ធំមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ២២៣ ដែលលួចបើកដំណើរការឡើងវិញ ក្រោយពីបិទបានមួយរយៈពេលនេះ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក រួមទាំងលោកចៅសង្កាត់ផ្សារដើមគរ ធ្វើការចុះបង្ក្រាបជាថ្មី កាលពីម៉ោង៣៖២០នាទីរសៀល ថ្ងៃទី២៨ ខែមករានេះ នៅផ្ទះមិនដាក់ស្លាកយីហោ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងខាងលើបានបើកដំណើរការយ៉ាងរលូនឡើងវិញ បន្ទាប់ពីបិទបានមួយរយៈនោះ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភអភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាទៅលោកចៅសង្កាត់ផ្សារដើមគរ ដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមតែម្តង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ រួមជាមួយនឹងសន្តិសុខម្នាក់ទៀតផងដែរ។
ក្រោយពីប្រតិបត្តិការចប់ មនុស្សប្រុសស្រីទាំង៥នាក់ និងសន្តិសុខម្នាក់ផងនោះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក ទីតាំងចាក់បាល់ខាងលើ ត្រូវសមត្ថកិច្ចបិទជាបណ្ដោះអាសន្ន៕