ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ មកពី ៩ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
👉 នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា បានលេីកឡេីងថា៖ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដេីម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន ។ ជាមួយគ្នានេះដែរ លោកប្រធាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ថែរក្សាអនាម័យ និងស្តាប់ការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ លាងសំអាតដៃជាប្រចាំ ជាមួយ សាប៊ូ អាល់កុល ឬជែល , រស់នៅគម្លាតសុវត្ថិភាពបុគ្គល និងពាក់ម៉ាស់ អោយបានត្រឹមត្រូវ ។
👉 បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានលេីកឡេីងបន្តថា៖ « ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា » ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
👉 អំណោយដែលទទួលបាន ក្នុងមួយគ្រួសារ រួមមាន ៖
– អង្ករ ១បាវ=២៥គីឡូក្រាម , មី ២០កញ្ចប់ , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ១យួរ , ទឹកក្រូច ៤ កំប៉ុង , ត្រី ខ ២កំប៉ុង រួមទាំងថវិកា ២ ម៉ឺនរៀលផងដែរ ៕