ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌប្ញស្សីកែវ បានជួបសំណេះសំណាល និងនាំយកអំណោយ របស់ឧត្តមសេនីយឯក យឹម លាង អគ្គស្នងរងនគរបាលជាតិ តាមរយៈលោកជំទាវ ស៊ន សៀវម៉ី ចែកជូនដល់អតីតយុទ្ធជនជាមន្ត្រីនគរបាល យោធា និងអាវុធហត្ថ ដែលចូលនិវត្តន៍ ចំនួន៣៧គ្រួសារ មកពី៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ។
ថ្លែងក្នុងពិធីសំណេះសំណាល លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌប្ញស្សីកែវ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានអតីតយុទ្ធរាជធានី បានឲ្យដឹងថា កម្មវិធីជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន រួមមានមន្រ្តីនគរបាល មន្រ្តីយោធា និងមន្រ្តីអាវុធហត្ថ ដោយបានផ្តល់ជាអំណោយបន្តិចបន្តួចនេះ ជាលើកទី២ហើយ ហើយការជួបសំណេះសំណាលនេះ នឹងធ្វើឡើងតាមដំណាក់កាល រហូតឲ្យគ្រប់អតីតយុទ្ធជន ចំនួន៤០៦នាក់។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ថ្លែងបន្តថា បើគ្មានអតីតយុទ្ធជន ដែលជាវីរៈយុទ្ធជន និងជារាមច្បង សុទ្ធតែជាអ្នកតស៊ូ ធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ក៏ប្រហែលជាគ្មានថ្ងៃនេះដែរ កន្លងមកបានចូលរួមជួយឲ្យយើងទទួលបានសេចក្តីសុខ និងសុវត្ថិភាព។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ថ្លែងសង្កត់ធ្ងន់ថា លោកតែងតែឲ្យមន្រ្តីតាមមូលដ្ឋានយកចិត្តដាក់ មិនត្រូវបោះបង់ចោលអតីតយុទ្ធជនឡើយ។
ក្រៅពីការផ្តាំផ្ញើសួរសុខទុក្ខ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏សូមឲ្យបងប្អូនអតីតយុទ្ធជន ថែរក្សាសុខភាពឲ្យបានល្អ ក្នុងនោះដែរចូលរួមថែរក្សាបរិស្ថានជុំវិញ ដោយត្រូវវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងសូមសំណូមពរដល់អតីតយុទ្ធជន ប្រសិនក្នុងមូលដ្ឋានមានបញ្ហាអសន្តិសុខ គឺរាយការណ៍មកលោកផ្ទាល់ លោកចាត់កម្លាំងចុះអន្តរាគមន៍ភ្លាមៗ ឲ្យទាន់ពេលវេលា ជូនដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងបរិបទសម័យជំងឺកូវីដ-១៩ លោកអធិការ ក៏សូមឲ្យចូលរួមថែរក្សាអនាម័យ ដោយពាក់ម៉ាស់ បាញ់អាល់កុល លាងដៃជាមួយជៀល ឬ សាប៊ូ ឲ្យបានទៀងទាត់។
អំណោយរបស់ឧត្តមសេនីយ៍ឯក យឹម លាង តាមរយៈលោកជំទាវ ស៊ន សៀវម៉ី ដែលផ្តល់ជូនមន្ត្រីរាជការចូលនិវត្តន៍ នាពេលនេះ រួមមាន៖ ថវិកា ចំនួន ៥ម៉ឺនរៀល, អង្ករ, ទឹកសុទ្ធ ១កេស, ទឹកផ្លែឈើ ១កេស, មី ១កេស, ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕