ខេត្ដកណ្តាល ៖ តុលាការខេត្តកណ្តាល ឃុំខ្លួនឪពុកចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទ ដាក់ពន្ធនាគារហើយនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនឪពុកចុងចិត្តអប្រិយ ករណីចាប់រំលោភកូនចុងជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅ និងជនរងគ្រោះ» តាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ។
ករណីនេះប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនត្រូវចោទឈ្មោះ ទេព តុលា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះត្រូវជាកូនដើមឈ្មោះ ច.ធ.រ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រីឯម្តាយបង្កើតឈ្មោះ ចំរើន សួស្តី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ និងឪពុកបង្កើតឈ្មោះ គឹម ចាន់ធា អាយុ៣៧ឆ្នាំ លែងលះគ្នា។
នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា៤ឆ្នាំមកហើយ ដោយមានកូនចំនួន៣នាក់ (ប្រុស១ ស្រី២) (ជនរងគ្រោះជាកូនទី១)។ លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ម្តាយជនរងគ្រោះ ក៏បានរៀបការប្តីមួយទៀត ឈ្មោះ ទេព តុលា បន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចម្តង។
ក្រោយមកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ដដែល ម្តាយនិងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភបានសម្រេចម្តងទៀត។ លុះក្រោយមកទៀត ក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាក់ភ្លើងបានសម្រេចម្តងទៀត ហើយបានថតវីដេអូទុកមើលទៀតផង។
លុះក្រោយមកទៀត ជនសង្ស័យបានសុំរួមភេទបន្តទៀត តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យក៏បានយកវីដេអូមកគំរាម បើមិនព្រមនឹងយកវីដេអូនោះបង្ហោះ Fasebook ឲ្យគេដឹង ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តបន្ទាប់បានសម្រេច៨ដង។
រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទលែងបាន ក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់ស្តីបន្ទោសឲ្យឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ ទើបជនរងគ្រោះខឹងក៏បានឈប់រៀន ហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្លួលលាងចានឲ្យគេនៅខេត្តព្រៃវែង។ បន្ទាប់ពីទទួលបានដំណឹងថា ជនរងគ្រោះឈប់រៀន ឪពុកបង្កើតក៏បានហៅជនរងគ្រោះឲ្យទៅរស់នៅជាមួយ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយប្រាប់ជនរងគ្រោះឲ្យទៅយកខោអាវនៅផ្ទះមករស់ជាមួយ។
លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះក៏បានត្រឡប់ចូលផ្ទះ ដើម្បីរៀបចំខោអាវទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ឲ្យចុះមកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនិតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន មិនបានចាប់រំលោភនោះទេ ដោយសារការព្រមព្រាងត្រូវរ៉ូវគ្នា៕