ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៦៖១៥នាទីព្រឹកថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២១ មានហេតុការណ៍ប្រទះ ឃើញសាកសពស្លាប់អណ្តែតទឹកនៅដងស្ទឹងព្រៃប្រស់បង្កការភ្ញាក់ផ្អើល ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ វុឹក សាយ ភេទ ប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ នៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ។
តាមការបំភ្លឺពីឈ្មោះ សុឹម ណេ ត្រូវជាម្តាយសព បានរៀបរាប់ថា គាត់មានកូន ០៤នាក់ ស្រី ០២ និងប្រុស ០២នាក់ ដោយឡែកកូនប្រុសទី ០៣របស់គាត់ឈ្មោះ វុឹក សាយ អាយុ ៣៥ឆ្នាំ នៅក្នុងបន្ទុកវាមានជម្ងឺសសៃប្រសាទប្រចាំកាយ និងផឹកស្រាជាប្រចាំមិនសូវហូបបាយទេ ជួនពេលខ្លះដើរបាត់ពីផ្ទះមួយយប់ទៅពីរយប់ទើបចូលផ្ទះវិញ ។
កាលពីថ្ងៃទី ១៣ ខែកុម្ភ: ២០២១ យប់កូនគាត់(សព) ដេកផ្ទះជាមួយគាត់នៅម៉ោង ០៤៖០០នាទីទៀបភ្លឺស្រាប់តែបាត់កូនគាត់(សព)មិនដឹងទៅណាទេ ដើររកក៏មិនឃើញបាត់ដំណឹងរហូត លុះដល់ថ្ងៃទី ១៦ កុម្ភ: ២០២១ វេលាម៉ោង ០៦៖១៥ នាទី បានរកឃើញកូនគាត់(សព) ស្លាប់អណ្តែតទឹកស្ទឹងព្រៃប្រស់ត្រង់ចំណុចតំបន់រន្ទះបាញ់ ទឹកដីភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ រដ្ឋអំណាច ភូមិ ឃុំ បានចុះដល់ផ្ទះជនរងគ្រោះ ធ្វើការពិនិត្យសាកសពឃើញមានសភាពហើមប៉ោងធំក្លិននិងមានឈាមហូរតាមមាត់ ពុំមានស្លាកស្នាមអ្វី សង្ស័យករណីឃាតកម្មឡើយ ។
តាមការសន្និដ្ឋានជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក ដោយមានជម្ងឺប្រចាំកាយ និងស្រវឹងស្រាជាប្រចាំ ។
ក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុរួច សមត្ថកិច្ច ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕