ខេត្ដស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ ដោយមានការចូលរួមពីឯកឧត្ដម លោកអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ លោកឧត្ដមសេនីយ៍ស្នងការរង លោកអភិបាលស្រុករំដួល ក្រុមការងារ សសយក វិស័យមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងការពារព្រំដែន ក្រុមប្រឹក្សាឃុំ និងឧបត្ថម្ភជាសម្ភារៈគ្រឿងឧបភោគបរិភោគ ដល់បងប្អូនប្រជាការពារ ដែលឈរជើង និងល្បាតតាមខ្សែបន្ទាត់ព្រំដែន និងចុះពិនិត្យទីតាំងភូមិសាស្រ្តតំបន់ព្រំដែនក្នុងឃុំថ្នាធ្នង់ ដែលនៅជិតព្រំដែន ក្នុងអំឡុងពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដើម្បីការពារ ទប់ស្កាត់ ការលួចឆ្លងដែនចូលមកក្នុងស្រុកខុសច្បាប់តាមផ្លូវរបៀង ។
មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកងកម្លាំង ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ ឯកឧត្ដមបានកោតសរសើរនិងថ្លែងអំណគុណដល់ទឹកចិត្ត ឆន្ទៈបងប្អូនក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាប់ខ្ជាប់ខ្ជួន។ បន្ថែមពីលើនេះ ឯកឧត្ដមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មកជូនដល់បងប្អូនកងកម្លាំង ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ ផងដែរ។
ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕