ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់យកមកធ្វេីការសាកសួរ ។
ជនសង្ស័យឈ្មោះ ទៀត មីស៊ីម៉ាទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន ) ដោយសម្ភារដកហូតមាន សោលេខ៨ចំនួន ១ដេីម, ដែកសំប៉ែតកែច្នែសម្រាប់កាច់សោ.កម៉ូតូចំនួន២ដេីម, ដែកលួសកែច្នៃ សម្រាប់ឆ្កឹះសោចំនួន១ដេីម។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា កម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានឃាត់មុខសញ្ញាខាងលើ ខណៈដែលកម្លាំងសមត្ថកិច្ចល្បាតបានឃេីញជនសង្ស័យឈររេរានៅមុខផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃេីញឧបករណ៍សម្រាប់ធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ តែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញខណ្ឌកំពុងសាកសួរយកចម្លេីយដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់ ៕