ខេត្ដស្វាយរៀង៖ នាថ្ងៃពុធ៦កើត ខែផល្គុនឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមដំណើរដោយឯកឧត្ដម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងារនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ក៏ដូចជាពិនិត្យនិងអនុវត្តលើវិធានការបន្ថែមក្នុងកិច្ចការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្តបានលេីកឡេីងថា បើទោះបីជាស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងនាពេលបច្ចុប្បន្នមានភាពធូរស្រាលបន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែយើងក៏ពុំត្រូវមានការធ្វេសប្រហែសនោះដែរ គឺត្រូវការពារជាប់ជានិច្ច ជាពិសេសនៅអង្គភាពច្រកចេញតែមួយដែលជាទីកន្លែងមានទំនាក់ទំនងផ្ទាល់ច្រើនជាមួយប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាផ្សេងៗ ជារៀងងរាល់ថ្ងៃនៅទីនេះ។
ជាមួយនេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមន្ត្រីរាជការបម្រើការងារនៅអង្គភាពច្រកចេញចូលតែមួយទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ និងសូមឲ្យបន្តការខិតខំនេះបន្ថែមទៀតដើម្បីធានាប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារខ្លួនពីជំងឺឆ្លងកូវីដ-១៩ ព្រមទាំងត្រូវណែនាំឲ្យប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវានៅអង្គភាពច្រកត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយជែល និងអាល់កុលឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទាំងអស់គ្នាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕