ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា ដឹកនាំក្រុមប្រតិបត្តិ រួមជាមួយអនុសាខាស្រុក និង យុវជនកាកបាទក្រហមកម្ពុជា មកពី វិទ្យាល័យតេជោហ៊ុនសែន បឹងកុក និងវិទ្យាល័យសម្តេច ជួនណាត សរុបចំនួន ៦៨នាក់ (ស្រី ៤៥នាក់) ចូលរួមពលកម្ម សំអាតអនាម័យ បរិស្ថាន ក្នុងបរិវេណប្រាសាទ វត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីអបអរសាទរ ខួបទី ៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ( ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២១ ) ។
លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បានជម្រាប ជូនត្រួសៗ ពីប្រវត្តិនៃកំណើតកាកបាទក្រហមកម្ពុជា ដែល បច្ចុប្បន្ ជាសមាជិកទី ៨៥ នែ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម។ រយៈពេល ៦៦ឆ្នាំ ក្រោយការបង្កើត ពិសេសរយៈពេល ២៣ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាគមជាតិ កាកបាទក្រហមកម្ពុជា ក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា បានពុះពារគ្រប់ការលំបាកទាំងឡាយ ប្រកបដោយការប្តេជ្ញាចិត្តដ៏មុះមុត ហើយបំពេញបេសកកម្មមនុស្សធម៎ដោយជោគជ័យជាបន្តបន្ទាប់ ក្នុងការជួយសង្រ្គោះ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា និងគ្មានការរើសអើង សមនឹងពាក្យស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឧទ្ទិសដល់ខួបគម្រប់ ៦៦ឆ្នាំ របស់កាកបាទក្រហមកម្ពុជា យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាចិត្តពង្រឹង សមត្ថភាព ការដឹកនាំ និងចូលរួម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្លាយជាប្រតិបត្តិករឈានមុខ ក្នុងការទប់ស្កាត់ជាមុន ត្រៀមបង្ការកាត់បន្ថយហានិភ័យទាំងឡាយ កសាងភាពធន់មាំ ដែលនឹងជួយអោយមានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវភាពរស់នៅ របស់ជនងាយរងគ្រោះ និងជួយសង្រ្គោះអាយុជីវិត បានកាន់តែប្រសើរជាងមុន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ធានាបានការពង្រឹងកិត្តិនាម កិត្យានុភាព កាកបាទក្រហមកម្ពុជា ជាសមាគមជាតិ នាំមុខគេ ក្នុងវិស័យមនុស្សធម៌ ៕